ខណៈ​នេះ​សភា​កំពុង​ប្រជុំ​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មី​១៦​រូប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បានចាប់ផ្តើម​បើក​កិច្ចប្រជុំពេញអង្គ​របស់​ខ្លួន ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​កូរ៉ុម​ចូលរួម​ចំនួន​១០២​រូប មកពី​គណបក្ស​ចំនួន​៤ ដើម្បី​ប្រកាស​សុពលភាព​របស់​តំណាងរាស្ត្រ​ថ្មី​១៦​រូប រួមទាំង​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ អនុប្រធាន​-​សមាជិក​ថ្មី​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ៣​រូប ដែល​ជំនួស​អ្នក​ដែល​បាន​លាលែង​ផងដែរ​។​
​សូមបញ្ជាក់ថា តំណាងរាស្ត្រ​ថ្មី​១៦​រូប ដែល​ត្រូវ​ប្រកាស​សុពលភាព​នេះ​រួមមាន​១១​រូប មកពី CPP ដែល​ទទួលបាន​ការបែងចែក​អាសនៈ​ដោយ គ​.​ជ​.​ប​, ៤​រូប មកពី CPP ដែល​ជំនួស​សមាជិកសភា​៤​រូប​របស់ CPP ដែល​លាលែង​ដើម្បី​ទៅ​ឈរ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា និង​១​រូប​ទៀត មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ជំនួស លោក នុត សុខុម ដែល​លាលែង​ពី​សមាជិក​រដ្ឋសភា ទៅ​ឈរ​ជា​អនុប្រធាន​របស់ គ​.​ជ​.​ប​។ ដោយឡែក បេក្ខជន​អនុប្រធាន​-​សមាជិក គ​.​ជ​.​ប ថ្មី​៣​រូប ដែល​ត្រូវ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត នៅ​ថ្ងៃទី​០៧ ខែធ្នូ​នោះ រួមមាន ១៖ លោក នុត សុខុម មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២៖ លោក ហ៊ែ​ល សារ៉ាត់ មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​ទី​៣៖ លោក ឌឹ​ម សុ​វណ្ណា​រុំ មកពី​សាលាក្តី​ខ្មែរក្រហម​៕