ភ្នំពេញ ៖ ធនាគារកណ្តាលអឺរ៉ុប បានបង្ហាញពីក្តីបារម្ភចំពោះការឡើងថ្លៃខ្ពស់នៃតម្លៃរូបិយប័ណ្ណអេឡិចត្រូវនិក Bitcoin ដែលអាចកើតមានហានិភ័យ តាមនិន្នាការនៃកំណើន រូបិយប័ណ្ណអេឡិចត្រូវនិក នេះខណៈដែលរូបិយប័ណ្ណឌីជីថល Bitcoin បានឡើងថ្លៃខ្លាំង ដែលកាលពីឆ្នាំមុន មានតម្លៃទាបជាង១ពាន់ដុល្លារ និងបានកើនដល់ប្រមាណ៥ពាន់ដុល្លារក្នុងឆ្នាំ២០១៧ ហើយរូបបិយប័ណ្ណនេះកំពុងព្យាករណ៌ថានឹងកើនដល់តម្លៃ១ម៉ឺនដុល្លារ នាឆ្នាំ២០២០នោះ លោក Constancio អនុប្រធានធនាគារកណ្តាលអឺរ៉ុប បានបង្ហាញពីក្តីបារម្ភថា ការឡើងថ្លៃខ្ពស់នៃតម្លៃរូបិយប័ណ្ណអេឡិចត្រូវនិក Bitcoin នឹងអាចកើតមានហានិភ័យ ជាពិសេសសម្រាប់ក្រុមវិនិយោគិន ដោយលោក Constancio បានចាត់ទុកថា ការទិញរូបិយប័ណ្ណនេះក្នុងតម្លៃខ្ពស់បែបនេះ មានលក្ខណៈកេងចំណេញមួយ បើគិតតាមភាពវិវឌ្ឍលឿននៃតម្លៃរបស់វា។
លោក បានបញ្ជាក់ថា កំណើនតម្លៃនេះ បានធ្វើឲ្យមូលនីយកម្មទីផ្សារសរុបរបស់រូបិយប័ណ្ណស្រមោលនេះ កើនឡើងខ្ពស់ជាង ៣០០ពាន់លានដុល្លារ ដោយសារតម្រូវការរូបិយប័ណ្ណឌីជីថលកើនឡើងខ្ពស់។ បើទោះជាមានការរំឭករបស់លោកបែបនេះក្តី ក៏លោក Constancio បានឲ្យដឹងថា លោកមិនយល់ថា ការប្រែប្រួលតម្លៃរូបិយប័ណ្ណ Bitcoin នេះ នឹងរីករាលដាលដល់ទីផ្សារផ្សេងទៀតនោះទេ។ ចំណែក លោក Mario Draghi ប្រធានធនាគារកណ្តាលអឺរ៉ុប ក៏ធ្លាប់បានបញ្ជាក់ កាលពីខែតុលាកន្លងទៅថា វាពិតជាឆាប់រហ័សពេកចំពោះធនាគារកណ្តាលអឺរ៉ុបក្នុងការពិចារណាពីការគ្រប់គ្រងរូបិយប័ណ្ណនិម្មិតនេះដែរ។ រីឯធនាគារកណ្តាលប្រទេសរុស្ស៊ី ក៏បានរំឭកខ្លាំងដែរពីការខាតបង់ដែលអាចកើតឡើង ដែលក្រុមវិនិយោគិនអាចប្រឈម បើពួកគេវិនិយោគប្រាក់ច្រើនទិញរូបិយប័ណ្ណឌីជីថលនេះ។ បើទោះជាដូច្នេះក្តី រូបិយប័ណ្ណBitCoin នេះទទួលបានកំណើនខ្ពស់មួយកាលពីខែតុលា នៅពេលដែលក្រុមហ៊ុន CME Group ដែលជាក្រុមហ៊ុនប្តូរប្រាក់បរទេសដ៏ធំមួយ បានប្រកាសថា ខ្លួននឹងដាក់ដំណើរការទីផ្សារកិច្ចសន្យាអនាគតសម្រាប់រូបិយប័ណ្ណ Bitcoin ដែលជារូបិយប័ណ្ណមួយនៅមិនទាន់បានចុះបញ្ជីក្នុងផ្សារហ៊ុនធំៗពីមុនមកនៅឡើយនោះ។ រូបិយប័ណ្ណស្រមោលនេះអាចត្រូវបានប្រើប្រាស់ដើម្បីទិញទំនិញនៅតាមហាងទំនិញដែលទទួលស្គាល់រូបិយប័ណ្ណនេះ៕