យោធា​ហ្វីលីពីន​ស្នើសុំ​ប្រធានាធិបតី​ពន្យារ​ច្បាប់អាជ្ញាសឹក​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2017 ក+ ក-

ម៉ានីល ៖ យោធា​ហ្វីលីពីន​ស្នើសុំ​ប្រធានាធិបតី លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ពន្យារ​ច្បាប់អាជ្ញាសឹក​នៅ​ខេត្ត​មី​ដា​ណាវ ភាគខាងត្បូង​ប្រទេស​ថែម​មួយឆ្នាំ​ទៀត គិត​ចាប់​តាំងពីដើម​ខែធ្នូ​នេះ​តទៅ បន្ទាប់ពី​ពួក​ឧទ្ទាម គាំទ្រ ISIS ភាគ​ត្បូង បាន​បើក​ការវាយប្រហារ​មកលើ​ក​ង​កម្លាំងយោធា​របស់រ​ដ្ឋា​ភិ​បាល​ហ្វីលីពីន​ជាថ្មី​។ នេះ​បើតាម ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។​
​ការទាមទារ​បែបនេះ​ធ្វើឡើង​ទៅកាន់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ​ក ឌូ​តឺ​តេ និង​ត្រូវបាន​មន្ត្រី​យោធា បង្ហើប​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយ​រង់ចាំតែ​ការសម្រេច​ចុងក្រោយ ពី​លោក​ប្រធានាធិបតី​ប៉ុណ្ណោះ​។ ប្រការនេះ​បាន​កើតមានឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ពួក​ឧទ្ទាម​ភាគ​ត្បូង បាន​បើក​ការវាយប្រហារ​មកលើ​ក​ង​កម្លាំងយោធា​របស់រ​ដ្ឋា​ភិ​បាល​ហ្វីលីពីន​ជាថ្មី ហើយក៏​កើតចេញ​ជាការ​ប្រយុទ្ធ​តបត​គ្នា​ជាច្រើនលើក នាំ​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់​បន្ថែមទៀត នៅលើ​ប្រជុំ​កោះ​ភាគខាងត្បូង​នោះ​។​
​សូមបញ្ជាក់ថា ការប្រកាស​បន្ត​ប្រើ​ច្បាប់អាជ្ញាសឹក​មួយឆ្នាំ​ទៀត​នេះ គឺ​បាន​កើតមាន​រយៈពេល​៥០​ថ្ងៃ ក្រោយពី​ការ​ប្រការ​ជោគជ័យ លើ​សង្គ្រាម​រំដោះ​ទីក្រុង​ម៉ា​រ៉ាវី កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​បន្ទាប់ពី​រយៈពេល​១៤៨​ថ្ងៃ នៃ​សង្គ្រាម​ដ៏​ក្តៅគគុក​នៅ​ភាគខាងត្បូង​ហ្វីលីពីន បានអូសបន្លាយ​ដែលជា​ហេតុ​បង្ក​ឲ្យ​មនុស្ស​រាប់រយ​នាក់​បាត់​បង់ជីវិត រួមមាន​ទាំង​យោធា ជន​ស៊ីវិល និង​ក្រុម​ឧទ្ទាម​គាំទ្រ ISIS៕