លីបង់ ៖ មេដឹកនាំហេសប៊ូឡាកំពុងអំពាវនាវឲ្យប្រជាជាតិមូស្លីម និងតំបន់អារ៉ាប់ទាំងអស់រួមគ្នាដាក់សម្ពាធទៅលើសហរដ្ឋអាមេរិកដើម្បីឲ្យកែប្រែការសម្រេចចិត្តរបស់ខ្លួនក្នុងការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមថា ជាទីក្រុងរបស់ប្រទេសអ៊ីស្រាអែល។
លោក ហាស្សាន ណាស្រាឡា មេដឹកនាំក្រុមហេសប៊ូឡាបាននិយាយពីព្រហស្បតិ៍ថា រាល់កិច្ចចរចានៅតំបន់មជ្ឈិមបូព៌ាទាំងអស់ត្រូវតែបញ្ឈប់ ហើយថា ការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នេះគឺជាការឈ្លានពានរបស់អាមេរិកទៅលើប្រជាពលរដ្ឋប៉ាឡេស្ទីន។
លោក ណាស្រាឡា បាននិយាយតាមទូរទស្សន៍ថា លោកមិនបានគំរាមធ្វើសកម្មភាពយោធាទេ ប៉ុន្តែលោកគ្រាន់តែគាំការអំពាវនាវរបស់ពលរដ្ឋប៉ាឡេស្ទីនសុំឲ្យមានការក្រោកឈរជាថ្មីម្ដងទៀតដើម្បីប្រឆាំងនឹងទង្វើរបស់សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ក្រុមហេសប៊ូឡាគឺជាក្រុមសកម្មប្រយុទ្ធនៅប្រទេសលីបង់ ហើយក្រុមនេះគឺជាក្រុមយោធាឈានមុខគេមួយដែលបានគំរាមកំហែងប្រទេសអ៊ីស្រាអែលកាលពីឆ្នាំ២០០០ក្រុមនេះបានបង្ខំឲ្យប្រទេសអ៊ីស្រាអែលចេញពីផ្នែកខាងត្បូងប្រទេសលីបង់ ហើយឆ្នាំ២០០៦ក្រុមនេះក៏បានធ្វើសង្គ្រាមជាមួយប្រទេសអ៊ីស្រាអែលផងដែរ៕