ខេត្តព្រះវិហារ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងបណ្តាលឲ្យប្តីប្រពន្ធ និងកូន ស្លាប់ និងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូដឹកគ្នាត្រឡប់មកទិញម្ហូបនៅផ្សារ ទៅផ្ទះវិញមិនប្រយ័ត្នបុកគោ ។ ករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦៩ ពីរង្វល់មូលផ្សារស្រអែមឆ្ពោះទៅកាន់តំបន់ប្រាសាទព្រះវិហារចន្លោះបង្គោលគីឡូម៉ែត្រលេខ២២៥-២២៦ ស្ថិតក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេតព្រះវិហារ។
បុរសជាប្តីឈ្មោះ ក្រូច ទ្រូ អាយុ៤៩ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ ប៉ែន ចន្ថា អាយុ៤៣ឆ្នាំ មុខរបរកសិករ និងកូនឈ្មោះ វង្ស ធារ៉ា អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំង៣ រស់នៅភូមិតេជោបុសស្បូវ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បើតាមនាយប៉ុស្តិ៍នគរបាលឃុំស្រឯម លោកអនុសេនីយ៍ឯក ហ៊ុយ សុផុន បានឲ្យដឹងថា មុនពេលកើត បុរស និងស្ត្រី រួមនិងកូនម្នាក់ផងនោះ បានជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបគ្នាត្រឡប់មកពីផ្សារ មកដល់ចំណុចកើតហេតុ ក៏បុកគោពេញទំហឹង បណ្តាលឲ្យប្តីប្រពន្ធ និងកូនបោកក្បាលនៅលើដងផ្លូវ រងរបួសធ្ងន់។ លោកបន្តថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកសម្តេច ជា ស៊ីម ស្រះក្តុលដឹកយកមកសង្គ្រោះភ្លាមៗ តែអកុសលដោយសាររបួសធ្ងន់ធ្ងរពេក ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ ក៏ស្លាប់ទាំងពីរនាក់ប្តីប្រពន្ធ ដោយឡែកកូនរងរបួសធ្ងន់។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕