សាណាអា ៖ មនុស្សយ៉ាងហោចណាស់០៦នាក់បានស្លាប់បាត់ជីវិត និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចម្រុះអារ៉ាប់ដឹកនាំដោយ អារ៉ាប៊ីសាឌីត លើផ្សារពីរកន្លែងក្នុងប្រទេសយ៉េមែន។ នេះបើយោងតាមសារព័ត៌មានចិន CGTN ។
បើតាមប្រភពពីមន្ទីពេទ្យនៅក្នុងតំបន់និយាយថា ការវាយប្រហារលើកទីមួយគឺមានគោលដៅលើផ្សារ Khalakah ក្នុងស្រុក Nehm ស្ថិតនៅចំងាយ៣០គីឡូម៉ែត្រ ភាគឦសាន នៃរដ្ឋធានីសាណាអា ស្ថិតនៅក្រោមការគ្រប់គ្រប់របស់ក្រុមឧទ្ទាមហ៊ូទី។ ការវាយប្រហារនេះបានផ្ដាច់យកអាយុជីវិតមនុស្ស០៥នាក់ និង២០នាក់ទៀត រងរបួស។ ចំណែកឯការវាយប្រហារតាមផ្លូវអាកាសលើកទី២ គឺបានកើតឡើងនៅឯផ្សារមួយផ្សេងទៀត ស្ថិតនៅក្នុងស្រុក Zabid នៃភាគខាងត្បូងទីក្រុង Hodeidah ដោយបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង១៥នាក់រងរបួស។
សូមជម្រាបថា ការវាយប្រហារតាមផ្លូវអាកាសទាំងនេះ កើតឡើងតែ០៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ក្រុមឧទ្ទាមហ៊ូទី បានសម្លាប់អតីតប្រធានាធិបតីយ៉េមែន លោក Ali Abdullah Saleh ដែលបានបង្ហាញពីទំនោរចង់ផ្សះផ្សាជាមួយទីក្រុងរីយ៉ាដ៕