លី​បង់​ជំរុញ​សម្ព័ន្ធ​អារ៉ាប់​ដាក់​សម្ពាធ​លើ​អាមេរិក​រឿង​ហ្សេ​រុយ​សា​ឡឹម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2017 ក+ ក-

​អេ​ហ្ស៊ី​ប ៖ រដ្ឋមន្ត្រីការបរទេស​លី​បង់ លោក Gebran Bassil បាន​និយាយថា សម្ព័ន្ធ​អារ៉ាប់​គួរតែ​ដាក់ទណ្ឌកម្ម ឬ​សម្ពាធ​លើ​សហរដ្ឋអាមេរិក​ឱ្យ​លុបចោល​ការសម្រេចចិត្ត​ចំពោះ​ការទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។
​លោក Bassil ថ្លែង​បែបនេះ​នៅក្នុង​ពិធី​កិច្ចប្រជុំ​មួយ​ក្នុង​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​សៅរ៍ ធ្វើឡើង​ដោយមាន​សំណើ​ពី​ប៉ា​ឡេ​ស្ទី​ន និង​ហ្ស៊​កដា​នី បន្ទាប់ពី​លោក​ដូ​ណា​ល់ ត្រាំ បាន ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ក៏ដូចជា​បញ្ជា​ឱ្យ​ក្រសួងការបរទេស​រប​ស់​ខ្លួន ត្រៀម​រៀបចំ​ផ្លាស់ប្ដូរ​ស្ថានទូត​អាមេរិក ប្រចាំ​ទីក្រុង​តែ​អា​វីវ ទៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម បើទោះជា​មានការ​រិះគន់ និង​ថ្កោលទោស​ពី​អន្តរជាតិ​ក៏ដោយ​។ នេះ​បើតាម​សរ​ព័ត៌មាន Russian Today ។​
​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​រដ្ឋមន្ត្រីការបរទេស​សម្ព័ន្ធ​អារ៉ាប់ កាលពី​ថ្ងៃ​សៅរ៍ លោក Gebran Bassil ក៏បាន​ថ្កោលទោស​យ៉ាងខ្លាំង​ផងដែរ​ចំពោះ​ការសម្រេចចិត្ត​របស់ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដោយ​លោក​ចាត់ទុកថា វា​គឺជា​ការសម្រេចចិត្ត​ដ៏​គ្រោះថ្នាក់ និង​មិនអាច​ទទួលយកបាន​។ លោក Bassil បាន​បញ្ជាក់ថា «​វិធានការ​បឋម​គួរតែ​ត្រូវធ្វើឡើង​ប្រឆាំងនឹង​ការសម្រេចចិត្ត​នេះ​ដោយ​ផ្ដើមដំបូង​ពី​ការដាក់​សម្ពាធ​ការទូត ហើយ​បន្ទាប់មក​គឺ​សម្ពាធ​នយោបាយ មុននឹង​យើង​ត្រូវ ចាត់វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»៕