ផ្ទុះ​រោងចក្រ​គីមី​មួយ​នៅ​ខេត្ត​ជាំ​ង​ស៊ូ​ភាគ​ខាងកើត​ប្រទេស​ចិន​សម្លាប់​មនុស្ស​៤​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2017 ក+ ក-

ចិន ៖ មន្ត្រី​មូលដ្ឋាន​បាន​និយាយថា មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់ ហើយ​ចំនួន​៦​នាក់​ទៀត​បាន​កប់​នៅក្រោម​គំនរ​បែកបាក់ ខណៈ​មនុស្ស​ម្នាក់ទៀត​ត្រូវបាន​ជួយសង្គ្រោះ​ក្រោយពី​មានការ​ផ្ទុះ​រោងចក្រ​គីមី​មួយ​នៅ​ទីក្រុង​លៀន​យុង​ហ្គា​ង​នៅ​ខេត្ត​ជាំ​ង​ស៊ូ​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ។​
​មន្ត្រី​មូលដ្ឋាន​ភ្លាមៗ​នោះបាន​បញ្ជូន​ក្រុម​អ្នក​ជួយសង្គ្រោះ និង​គ្រឿង​ម៉ាស៊ីន​ដើម្បី​ធ្វើការ​ជួយសង្គ្រោះ​រួមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២០​គ្រឿង អ្នក​ពន្លត់ភ្លើង​១៣៥​នាក់ រថយន្ត​សាមុយ​១២​គ្រឿង បុគ្គលិក​ពេទ្យ​ចំនួន​៥០​នាក់ និង​គ្រឿងចក្រ​មួយចំនួនទៀត​។​
​កម្មករ​ម្នាក់​ត្រូវបាន​ជួយសង្គ្រោះ​ក្នុង​គ្រោះថ្នាក់​ដែល​បាន​កើតឡើង​កាលពី​ចុង​សប្ដាហ៍​មកនេះ ហើយ​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​កន្លែងកើតហេតុ ហើយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ​នឹង​បន្ត​រហូតដល់​កម្មករ​ដែល​កប់​ក្រោម​គំនរ​ទាំង​៦​នាក់​នេះ​ត្រូវបាន​ជួយសង្គ្រោះ​អស់​។​
​មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់ថា រោងចក្រ​នេះ​បាន​បញ្ឈប់​ការផលិត និង​ដក​គ្រឿង​គីមី​ដែល​នៅសល់​ប៉ុន្មាន​ទៀត​ចេញពី​រោងចក្រ​នេះ ហើយ​គេ​មិនទាន់​ឃើញ​មានការ​លេច​ធ្លាយ​សារធាតុ​គីមី​នៅឡើយ​ទេ ប៉ុន្តែ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​៕