លោក​កឹម សុខា បដិសេធ​ការប្រើ​ពាក្យ​ថា ផ្តួលរំលំ​រដ្ឋាភិបាល​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 March, 2015 ក+ ក-

​ភ្នំពេញ​៖ លោក កឹម សុខា អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​អនុ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតនៅ​អាមេរិក បាន​ឆ្លើយបំភ្លឺ តាម​វិទ្យុ​អាស៊ីសេរី ផ្សាយ​ថា កាលពី​ថ្ងៃទី​១៥​មីនា គឺ​លោក​មិនមាន​ប្រើពាក្យ​ថា ផ្តួលរំលំ រដ្ឋាភិបាល​ទេ មានតែ​ពាក្យ​ថា ផ្លាស់ប្តូរ ប៉ុណ្ណោះ​។​

​លោក កឹម សុខា បាន​បញ្ជាក់ថា ខ្ញុំ​សូម​បំភ្លឺ និង​ជម្រាបជូន​បងប្អូន​ជនរួមជាតិ​ថា គឺអាច​សម្តេច​ហ៊ុនសែន លោក​ទទួល​របាយការណ៍​ពី​ណា​មក​ច្រឡំ ឬក៏​ដោយសារ​អ្នកព័ត៌មាន ដែល​យកពាក្យ​ពេចន៍​ខ្ញុំ យកទៅ​និយាយ​មិន​ពិត គឺ​ខ្ញុំ​អត់​មានប្រើ​ពាក្យ​ថា ផ្តួលរំលំ​រដ្ឋាភិបាល ឬ​គណបក្សកាន់អំណាច​នោះទេ​។ សូម្បី​កុំថាឡើយ​ពាក្យពេជន៍ នៅក្នុង​បេះដូង​ខ្ញុំ នៅក្នុង​គោលការណ៍​របស់ខ្ញុំ ក្នុង​គំនិត​របស់ខ្ញុំ ខ្ញុំ​មិនដែល​ប្រើ​អំពើហិង្សា មិនដែល​គិតពី​រឿង​ផ្តួលរំលំ​ទេ​។ អ្វីៗ​ដែល​ខ្ញុំ​ធ្វើ តែងតែ​អហិង្សា ហើយ​ខ្ញុំ​តែងតែ​ប្រឆាំងនឹង​អ្នកណា​ដែល​ប្រើ​អំពើហិង្សា ហើយ​នៅពេលដែល​ខ្ញុំ​និយាយ​នោះ គឺ​ក្នុងន័យ​ដើម្បី​ប្រាប់​ទៅ​អ្នកគាំទ្រ ដែល​គាត់​មានការ​អាក់អន់​ចិត្តនឹង​គណបក្ស​សង្គ្រោះ​ជាតិ​ថា មិនបាន​មានការ​ផ្លាស់ប្តូរ​សមរ​ម្យ តាម​អ្វីដែល​គាត់​ចង់បាន គឺ​ផ្លាស់ប្តូរ​នោះ ខ្ញុំ​បាន​បញ្ជាក់ថា យើង​មិន​អាចធ្វើ​តាមរយៈ​បាតុកម្ម ហើយ​មាន​អំពើហិង្សា​ទេ ពីព្រោះ​គោលការណ៍​គណបក្ស​សង្គ្រោះ​ជាតិ គឺ​យើង​អហិង្សា​។ អីចឹង​ហើយ គឺ​យើង​ត្រូវ​ងាក​មករក​ការចរចា ហើយ​ការចរចា​នេះ វា​មិនបាន ១០០ ភាគរយ ដូចដែល​យើង​ចង់​ដូរ​នោះទេ​។ គឺ​ខ្ញុំ​សារភាព សារភាព​ត្រង់ចំណុច​នឹង គឺ​យើង​មិនអាច​ដូរ ដូរ​នឹង​មានន័យថា កែ​ការបោះឆ្នោត​នឹង ឲ្យ​បាន ១០០ ភាគរយ ដូច​អ្វីដែល​យើង​ចង់បាន ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​នោះទេ​។ គឺ​អត់​មាននិយាយ​ពាក្យ ដែល​ផ្តួលរំលំ​ជាដាច់ខាត​។​

​ការលើកឡើង​របស់លោក​កឹម សុខា ខាងលើនេះ បានធ្វើ​ឡើង​ភ្លាមៗ ដើម្បី​ឆ្លើយតប​នឹង​លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៥៨ ពី​ក្រុង​ប៉ោយប៉ែត ទៅ​ខេត្ត​ឧ​ត្ត​មានជ័យ កាលពី​ព្រឹក​ថ្ងៃទី​១៨​មីនា​។​

​លោក ហ៊ុន សែន បាន​មានប្រសាសន៍ថា ឥឡូវ​បែរជា​គេ (​កឹម សុខា​) ចេញមក​សារភាពថា បាន ប្រឹង ប្រែង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ផ្តួល គណបក្ស​ប្រជាជន​កម្ពុជា តែ​មិនបាន​សម្រេច​គេ​បរាជ័យ ហើយ​សូម ទោស​ប្រជាពលរដ្ឋ​នៅ​អាមេរិក​…​ចឹ​ង​យើង ចាត់ការ​តាមផ្លូវ​ច្បាប់ បែបណា​បើ​ចោរ​សារភាព ហើយ​នោះ ។ មេចោរ​សារភាព​ហើយ ត្រូវ​ចាត់ការ​ផ្លូវច្បាប់​យ៉ាង ណា​ចឹ​ង​អ្នក​ខូចខាត ទ្រព្យសម្បត្តិ ទាំង​អម្បាល មាណ ត្រូវ​រក ម្នាក់​ហ្នឹង​ទៅ​ចាប់​យកមក​ទារលុយ​ទៅ​អាហ្នឹង​ត្រឹម ត្រូវ​ហើយ​អត់ មានអី ខុស​ទេ​។​

លោក ហ៊ុន សែន បាន​ថ្លែង​បែបនេះ ប្រហែលជា​សំដៅលើ​លោក កឹម សុខា អនុប្រធានរដ្ឋសភា និង​ជា​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែងថា លោក​បានទទួល​បរាជ័យ ក្នុងការ​ផ្លាស់ប្តូរ​ភ្លាមៗ និង​ទាំងស្រុង​រដ្ឋាភិបាល ក្រោយ​ការបោះឆ្នោត​ខែកក្កដា ឆ្នាំ​២០១៣ នាឱកាស​ដែល​លោក​បានធ្វើ​ទស្សនកិច្ច នៅ​សហរដ្ឋអាមេរិក​៕

KS-vs

​លោក កឹម សុខា អនុប្រធាន​ទី​១ រដ្ឋសភា (​ឆ្វេង) ​និង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន (​ស្តាំ​)