ញូយ៉ក ៖ អភិបាលក្រុងញូយ៉កនិយាយថា មនុស្ស០៤នាក់រងរបួសហេតុការណ៍ផ្ទុះគ្រាប់បែកកែច្នៃនៅក្នុងសង្កាត់ Manhattan ទីក្រុងញូយ៉កកាលពីម្សិលមិញ ខណៈដែលគេអះអាងថា គឺជាការប៉ុនប៉ងវាយប្រហារភេរវកម្ម ។ នេះបើយោងទីភ្នាក់ងារសារព័ត៌មាន Reuters ។
បើតាមអភិបាលក្រុងញូយ៉ក លោក Bill de Blasio ហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅម៉ោងប្រមាណជា ៧ និង៣០នាទីព្រឹក ថ្ងៃចន្ទនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅឯផ្លូវក្រោមដីមួយកន្លែងភ្ជាប់ពីទីលាន Times Square ទៅកាន់ចំណតរថយន្ដក្រុង Port Authority។ ចំណែកប៉ូលិសនៅក្នុងតំបន់ ក៏បានឱ្យដឹងដែរថា ជនសង្ស័យម្នាក់ឈ្មោះ Akayed Ullah ត្រូវបានចាប់ខ្លួនខណៈមនុស្សបួននាក់ផ្សេងទៀតរួមទាំងជនសង្ស័យបានរងរបួស។
ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងពីរខែប៉ុណ្ណោះ បន្ទាប់ពីបុរសជនជាអ៊ូបេគីស្ថានម្នាក់ បានសម្លាប់មនុស្ស០៨នាក់ ដោយការបើករថយន្ដបំបុក មនុស្សនៅក្នុងទីក្រុងញូយ៉ក ហើយក្រុម ISIS បានចេញមុខទទួលខុសត្រូវ៕