រាជធានីភ្នំពេញ ៖ លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះបានចេញដីការកោះហៅទណ្ឌិត សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបំភ្លឺលើសំណុំរឿងញុះញង់កងទ័ពឲ្យបះបោរប្រឆាំងរាជរដ្ឋាភិបាល។
សូមរម្លឹកថា ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យកងទ័ពបង្វែរកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ។
កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ លោក វង្ស ភក្តី មេធាវីរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ៕