កូរ៉េខាងជើង ៖ មេដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយក្នុងមហាសន្និបាតដ៏កម្រមួយនៅក្នុងទីក្រុងព្យុងយ៉ាងថា ប្រទេសកូរ៉េខាងជើងគួរតែបង្កើនការផលិតសព្វាវុធថ្មីៗឲ្យបានច្រើនថែមទៀតដើម្បីឲ្យមានកម្លាំងខ្លាំងជាងប្រទេសជាសត្រូវរបស់ខ្លួន។
ទូរទស្សន៍រដ្ឋនៅប្រទេសកូរ៉េខាងជើង KRT ពីថ្ងៃម្សិលមិញនេះបានបង្ហាញវីដេអូពីលោក ជុងអ៊ុន ព្រមទាំងមន្ត្រីក្រោមឱវាទផ្សេងទៀតកំពុងជួបប្រជុំគ្នានៅសន្នីសីទឧស្សាហកម្មលើកទី៨នៅមជ្ឈមណ្ឌលវប្បធម៌មួយក្នុងទីក្រុងព្យុងយ៉ាង។ ទូរទស្សន៍នេះបាននិយាយថា លោក ជុងអ៊ុន បាននិយាយទៅកាន់សន្និសីទនេះដោយបានសរសើរចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើងកន្លងទៅថ្មីៗនេះ។ ទន្ទឹមនោះមេដឹកនាំប្រទេសកម្មុយនិស្តមួយនេះក៏បានជំរុញឲ្យបន្តផលិតមីស៊ីលដែលអាចផ្ទុកក្បាលនុយក្លេអ៊ែរដែលមានសមត្ថភាពអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិកនៅពេលអនាគតផងដែរ។
សូមរម្លឹកថា កាលពីខែមុនប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងនូវអ្វីដែលខ្លួនបានហៅថា ជាមីស៊ីលឆ្លងទ្វីបដ៏ទំនើបបំផុតមួយដោយជោគជ័យដោយគ្មានឈឺក្បាលជាមួយទណ្ឌកម្ម និងការថ្កោលទោសពីសំណាក់ប្រទេសផ្សេងទៀតនៅក្នុងពិភពលោកបន្តិចសោះឡើយ៕