ឃាត់ខ្លួនជនជាតិ​វៀតណាម​ម្នាក់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2017 ក+ ក-

ខេត្តរតនគិរី ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​នគរបាល​ស្រុក​ប​កែវ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចោរកម្ម (​លួច​ម៉ាស៊ីន​បាញ់​ស្មៅ​) កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ ហើយ​រត់​គេចខ្លួនបាត់​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ ៨​រោច ខែ​មិគសិរ ឆ្នាំរកា ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ឆ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​នៅ​ចំណុច​ភូមិ​១ ឃុំ​ឡា​មិញ ស្រុក​ប​កែវ​។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ឡេ វ៉ាង​ទុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ភន ផេ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​រូបនេះ ត្រូវ​ចាប់ខ្លួន​ជាប់​ពាក់ព័ន្ធ​ករណី​ចោរកម្ម លួច​ម៉ាស៊ីន​បាញ់​ស្មៅ​ចំនួន​២​គ្រឿង​។
​ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕