រដ្ឋមន្ត្រីការបរទេស ៖ អាមេរិក​ត្រៀមខ្លួន​រួចហើយ​ក្នុងការ​ពិភាក្សា​ជាមួយ​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2017 ក+ ក-

វ៉ា​ស៊ី​ង​តោន ៖ ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក រ៉ិ​ក ធី​ល័​រ​សុន បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុងការ​ពិភាក្សា​ជាមួយ​ប្រទេស​កូរ៉េខាងជើង​នៅពេលណា​ក៏បាន​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ត្រូវតែ​ត្រៀមខ្លួន​ក្នុងការ​ផ្លាស់ប្ដូរ​មាគ៌ា​ទៅរក​កម្មវិធី​ផលិត​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​។​
​ទន្ទឹមនេះដែរ​លោក ធី​ល័​រ​សុន បាន​និយាយ​ក្នុង​កិច្ចពិភាក្សា​ជាមួយ​ក្រុមអ្នកវិភាគ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ង​តោន​សហរដ្ឋអាមេរិក​ថា ការត្រៀមខ្លួន​របស់​យោធា​សហរដ្ឋអាមេរិក​ក្នុងការ​ឆ្លើយតប​នឹង​ការគំរាមកំហែង​ណាមួយ​ពី​ប្រទេស​កូរ៉េខាងជើង​ក៏មាន​លក្ខណៈ​មួយ​ខ្លាំង​ផងដែរ​។​
​ពេលនេះ​កងកម្លាំងប្រដាប់អាវុធ​សហរដ្ឋអាមេរិក​កំពុង​ទទួល​ការបញ្ជា​ឲ្យ​ត្រៀមលក្ខណៈ​នៅ​គ្រប់​អង្គភាព​ទាំងអស់​។​
​សូមបញ្ជាក់ថា កន្លងមកនេះ​លោក ធី​ល័​រ​សុន ក៏​ធ្លាប់បាន​ជជែក​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ពី​ការប្រើ​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ក្រុង​ព្យុងយ៉ាង​ដែរ ប៉ុន្តែ​លោក ត្រាំ បាន​និយាយថា វា​គឺជា​ការចំណាយ​ពេលវេលា​ឥតប្រយោជន៍​៕