យ៉េមែន ៖ សារព័ត៌មាន BBC ចេញផ្សាយថា មនុស្សយ៉ាងហោចណាស់៣០នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារផ្លូវអាកាសរបស់ក្រុមចំរុះអារ៉ាប់ដឹកនាំដោយ អារ៉ាប៊ីសាអូឌីតលើពន្ធនាគារមួយកន្លែងនៃក្រុមឧទ្ទាមហ៊ូទី ក្នុងរដ្ឋធានីសាណាអា ប្រទេសយ៉េមែន។
បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ អ្នកស្លាប់ភាគច្រើនជាអ្នកជាប់ឃុំឃាំង នៅឯពន្ធនាគារមួយក្នុងមូលដ្ឋានយោធារបស់ក្រុមឧទ្ទាមហ៊ូទី។ ចំណែកឯឆ្មាំពន្ធនាគារម្នាក់ក៏បានឱ្យដឹងដែរថា ការវាយប្រហារលើកដំបូងបានបំផ្លាញផ្នែកខ្លះនៃពន្ធនាគារ ដោយជំរុញឱ្យអ្នកទោសមួយចំនួនព្យាយាមរត់គេចខ្លួន ខណៈការវាយប្រហារមួយផ្សេងទៀតបានបំផ្លាញអគារមួយស្ទើរតែទាំងស្រុង។
សូមបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ មនុស្សច្រើនជាង៨,៦៧០នាក់ ត្រូវបានសម្លាប់ និង៤៩,៩៦០នាក់ បានរងរបួសគិតចាប់តាំងពីក្រុមចំរុះអារ៉ាប់ធ្វើអន្តរាគមន៍ យោធាក្នុងប្រទេសយ៉េមែន កាលពីឆ្នាំ២០១៥មក ហើយមនុស្ស២០.៧លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់៕