បណ្តា​ប្រទេស​មូស្លីម​ថ្កោលទោស​អាមេរិក​ដែល​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2017 ក+ ក-

តួ​ក​គី ៖ បណ្ដា​ប្រទេស​មូស្លីម​បាន​ថ្កោលទោស​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​បានទទួល​ស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល ហើយ​បាន​អំពាវនាវ​ឲ្យ​ពិភពលោក​ទទួលស្គាល់​តំបន់​ខាងកើត​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​
​អគ្គលេខាធិការ​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម​បាន​និយាយថា សមាជិក​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នៃ​អង្គការ​នេះ​បាន​ព្រមព្រៀងគ្នា​១០០​ភាគរយ​ដោយបាន​ថ្កោលទោស​ចំពោះ​ការប្រកាស​ទទួលស្គាល់រ​ប​ស់លោក ត្រាំ​។​
​ប្រធានាធិបតី​ប្រទេស​តួ​ក​គី​លោក រ៉េ​ស៊ី​ប តា​យី​ប អេ​ដូ​ហ្គេ​ន បាន​និយាយថា ដំណើរការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ត្រូវបាន​បញ្ចប់​ហើយ​ដោយសារតែ​ទង្វើ​របស់លោក ត្រាំ នេះឯង​។​
​លោក​បានបញ្ជាក់​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​របស់​អង្គការ​ដែលមាន​សមាជិក​៥៧​ប្រទេស​នេះ​ថា វា​ដល់​ពេលដែល​ក្រុម​ដឹកនាំ​មូស្លីម​ទាំងអស់​ត្រូវ​ពិភាក្សាគ្នា​ថា តើ​អ្នកណា​ជា​អ្នកយក​តួនាទី​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ហើយ​អ្នកណា​ជា​អ្នក​គិតគូរ​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​សហប្រជាជាតិ​៕