សភា​ហ្វីលីពីន​អនុម័ត​ឲ្យ​បន្ត​អនុវត្ត​ច្បាប់អាជ្ញាសឹក​នៅ​ភាគខាងត្បូង​ប្រទេស​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2017 ក+ ក-

​ហ្វីលីពីន ៖ កាលពី​ថ្ងៃ​ពុធ​ក្រុម​សមាជិកសភា​ប្រទេស​ហ្វីលីពីន​បាន​គាំទ្រ​ទាំងស្រុង​នូវ​ផែនការ​របស់​ប្រធានាធិបតី លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ ក្នុង​ការបន្ត​អនុវត្ត​ច្បាប់អាជ្ញាសឹក​រយៈពេល​មួយឆ្នាំ​ទៀត​នៅលើ​កោះ​មីន​ដា​ណាវ​នៅ​ភាគខាងត្បូង​ប្រទេស ដើម្បី​បំផ្លាញ​ក្រុម​អ៊ីស្លាម​និយម និង​ក្រុម​ឧទ្ទាម​កុ​ម្មុយ​និ​ស្ត​។​
​ការបន្ត​អនុវត្ត​ច្បាប់អាជ្ញាសឹក​រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ​គឺជា​រយៈពេល​មួយ​យូរ​ជាងគេ​បំផុត​ក្នុងចំណោម​ច្បាប់អាជ្ញាសឹក ដែល​បុរស​ខ្លាំង​ប្រទេស​ហ្វីលីពីន​គឺ​លោក ហ្វេ​ឌី​ណាន ម៉ា​កូ​ស ធ្លាប់បាន​ប្រើ​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​។​
​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​នៃ​សភាជាតិ​ពីថ្ងៃ​ម្សិលមិញ​នេះ សមាជិកសភា​ចំនួន​២៤០​រូប​ក្នុងចំណោម​២៦៧​រូប​បាន​បោះឆ្នោត​គាំទ្រ​លោក ឌូ​ធឺ​តេ ដើម្បី​ចាត់វិធានការ​តឹងរ៉ឹង​បញ្ឈប់​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​រដ្ឋ​អ៊ីស្លាម​ដែល​កំពុង​ជ្រើសរើស​យុទ្ធជន និង​ត្រៀមខ្លួន​ធ្វើការ​វាយប្រហារ​ថ្មីៗ​ទៀត​។​
​សូមបញ្ជាក់ថា ក្នុងការ​អនុវត្ត​ច្បាប់អាជ្ញាសឹក​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​កន្លងមកនេះ កងកម្លាំងប្រដាប់អាវុធ​ប្រទេស​ហ្វីលីពីន​បានសម្លាប់​មនុស្ស​ជាង​១១០០​នាក់​ភាគច្រើន​ជា​ក្រុម​សកម្មប្រយុទ្ធ និង​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជាង​២០​ម៉ឺន​នាក់​រត់​ចេញពី​ទីក្រុង​ម៉ា​រ៉ាវី​៕