កសិករ​ចិញ្ចឹម​ជ្រូក​ប្រឈម​ការបិទ​កសិដ្ឋាន​ដោយសារ​តម្លៃ​ជ្រូក​ធ្លាក់ចុះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 December, 2017 ក+ ក-

​ភ្នំពេញ ៖ កសិករ​អ្នក​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​ខ្នាតតូច​និង​មធ្យម​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​តម្លៃ​ជ្រូក​ដែល​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅក្នុង​ឆ្នាំ​២០១៧​នេះ​ធ្វើឱ្យ​ពួកគាត់​ប្រឈមមុខ​នឹង​ការបិទទ្វារ​កសិដ្ឋាន​ជា​បណ្តើរៗ​ព្រមទាំង​ប្រឈមមុខ​នឹង​បំណុល​ធនាគារ ដែល​អាច​នឹង រឹប អូស​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​របស់​ពួកគាត់​នាពេលខាងមុខ​។​
​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ឃុំ​ដីឥដ្ឋ​ក្នុងស្រុក​គៀនស្វាយ​ខេត្តកណ្តាល​លោកស្រី​ម៉ក់​សុជាតិ​បានលើកឡើង​ទាំង​ក្តុកក្តួល​រំដួល​ចិត្ត​ថា​ការចិញ្ចឹម​ជ្រូក​របស់គាត់​នៅពេលនេះ​កំពុង​ជួប​ការលំបាក​ជា ខ្លាំង គឺ​ពីមួយ​វគ្គ ទៅមួយ​វគ្គ លក់​ខាត​តម្លៃថោក​មិន​រួច​ថ្លៃដើម​ផង គឺ​១​គីឡូ​លក់​បានតែ​ជាង​៥​ពាន់ រៀល ឯ​ថ្លៃដើម​ផលិត​រហូតដល់​ទៅជិត​៧​ពាន់​រៀល​ឯណោះ​។​លោកស្រី​ថា មិនយូ​ទៀត​ទេ​កសិដ្ឋាន ចិញ្ចឹម​ជ្រូក​របស់គាត់​នឹងត្រូវ​បិទទ្វារ​ជាមិនខាន​ប្រសិនបើ​គ្មាន​ការជួយជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​ពី​បរទេស និង​មិន​ជួយ​សម្រួល​ឱ្យ​តម្លៃ​វត្ថុធាតុដើម ក្នុង​ការផលិត ចំណី​ជ្រូក​ដែល​កំពុងតែ​មានតម្លៃ​ខ្ពស់​ដូច​សព្វថ្ងៃនេះ​ទេ ម្យ៉ាង​សុំឱ្យ​ជួយ​តម្លៃ​ជ្រូក​អាច​កើន​ដល់ ៨​ពាន់​រៀល ក្នុង​១​គីឡូក្រាម​វិញ​ទើប​កសិករ​ខ្មែរ​អាច​ចិញ្ចឹម​បាន​។​
​ចំណែក​លោក សែម ភា​រ៉ា កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ស្រុក​កៀនស្វាយ​ដែរ​នោះបាន​លើកឡើងថា​មិន មែន​តែ​ខ្ញុំ​ទេ គឺ​កសិករ​ចិញ្ចឹម​ជ្រូក​ស្ទើរតែ​ទូទាំងប្រទេស​កំពុង​ជួប​បញ្ហា​ប្រឈម​ជាមួយ​តម្លៃ​ជ្រូក​ធ្លាក់ ចុះ​ក្នុង​ឡុង​ឆ្នាំ​២០១៧​នេះ ព្រោះ​ដោយសារ​ការនាំ​ចូល​ជ្រូក​ពី​បរទេស មានការ​កើនឡើង ពិសេស ការ​នាំចូល​ជ្រូក​ខុសច្បាប់​មកពី​ប្រទេស​វៀតណាម​។​
​លោក​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ចំពោះ​ការចិញ្ចឹម​សត្វ​របស់​ក​សិ​ករ​ខ្មែរ​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ តាមរយៈ​ការកាត់បន្ថយ​ការ​នាំចូល​ដើម្បី​កម្ពស់​ការចិញ្ចឹម របស់​កសិករ​ក្នុងស្រុក បើ​ពុំ​នោះទេ ពួកគាត់​អាច​នឹង​បិទទ្វារ​កសិដ្ឋាន​ចោល​នៅពេល​ដ៏​ខ្លី​ខាងមុខ នេះ​ជាមិនខាន ពិសេស​ម្នាក់ៗ​នឹង​វ័​ន្ត​ករ​ជាមួយ​បំណុល​ធនាគារ​យ៉ាងធ្ងន់ធ្ង​រ​ថែម​ទៀតផង​។​
​ទាក់ទិន​នឹង​បញ្ហា​នេះ​លោក ជេ​ត ភិរម្យ តំណាង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានទទួល ស្គាល់​ថា តម្លៃ​ជ្រូក​មានការ​ធ្លាក់ចុះ​យ៉ាងគំហុក ដែល​ធ្វើឱ្យ​កសិករ​ជួប​នូវ​បញ្ហា​ខាតបង់​យ៉ាងខ្លាំង ពេញ​មួយឆ្នាំ​។​លោក​ដើម្បីឱ្យ​ការចិញ្ចឹម​ជ្រូក​មាន​ភាពប្រសើរ​ឡើងវិញ​មានតែ​រាជរដ្ឋាភិបាល​ជួយ​ធ្វើ​យ៉ាង​កាត់បន្ថយ​ការ​នាំចូល​ខុសច្បាប់​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ត្រួតពិនិត្យ​នៅតាម​ច្រកព្រំដែន​និង​បង់ពន្ធ​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​ដែល​បានកំណត់​នៅក្នុង​សៀវភៅ​បន្ទុក​ចំពោះ​សត្វ​ដែល​នាំចូល​ដើម្បី​ធានា​ដល់​ការរក្សា​តម្លៃ​ផលិតផល​ក្នុងស្រុក​និង​ការប្រកួតប្រជែង​តម្លៃ​ក្នុង​ទីផ្សារ​។​
​លោកស្រី អ៊ុក សា​វិ​ន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន លើកឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការ​វិវឌ្ឍន៍​វិស័យ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​ដែល​បាន​ប្រា​រព​ធ្វើ​នៅ​ថ្ងៃទី​១៥​ខែធ្នូ​នា​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ថា​រាជរដ្ឋាភិបាល​មិន​នៅ​ស្ងៀម​ចំពោះ​បញ្ហា​ធ្លាក់ចុះ​នៃ​តម្លៃ​ជ្រូក​ក្នុងស្រុក​នោះទេ​គឺ​កំពុង​សិក្សា​ពី​មូលហេតុ​ដែលនាំឱ្យ​កើតមាន​បញ្ហា​តម្លៃ​ជ្រូក​រស់ក្នុង​ស្រុក​មានតម្លៃ​ថោក​ឯ​សាច់ជ្រូក​នៅតែ​ថ្លៃ​ដើម្បី​ជួយ​ដល់​អ្នក​ចិញ្ចឹម​ផង​និង​ការពារ​កុំឱ្យ​ប៉ះពាល់​ដល់​អ្នក​បរិភោគ​ផង​។​
​យ៉ាងណា​លោកស្រី​លើកឡើងថា ក្រសួងកសិកម្ម​កំពុងមាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ទប់ ស្កាត់​ការនាំ​ចូល​ខុសច្បាប់ ហើយក៏​មានការ​ស្នើសុំ​បង្កើត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ចំពោះ​ការ លក់ ក្រោម​តម្លៃ​ដើម មានន័យថា អ្នកលក់​ក្រោម​តម្លៃ​ដើម​ត្រូវតែ​មានទោស​តាមច្បាប់​កំណត់​។​
​លោកស្រី​មាន​សុទិដ្ឋិនិយម​ថា តម្លៃ​សត្វ​ជ្រូក​របស់​កសិករ​នឹង​ប្រសើរ​ឡើងវិញ​ក្នុងពេល​ខាង មុខ​នេះ តាមរយៈ​យន្តការ​ផ្លូវច្បាប់​នានា​ពិសេស​បង្កើន​សមត្ថភាព​គុណភាព​ផលិត​និង​រក​វិធី សាស្ត្រ ប្រមូល​វត្ថុធាតុដើម​ក្នុងស្រុក​ដើម្បី​ផលិត​ចំណី​ឆ្លើយតប​នឹង​តម្រូវការ​ចិញ្ចឹម​របស់​កសិករ​ឱ្យបាន​រួមទាំង​កត្តា​សេវាកម្ម​នានា​ផងដែរ​៕