ភ្នំពេញ ៖ សាធារណរដ្ឋឆែកដែលជាសមាជិករបស់សហភាពអឺរ៉ុបបានប្រកាសរឹតចំណងមិត្តភាពជាមួយកម្ពុជាឲ្យកាន់តែខ្លាំងក្លា និងមិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា លើរឿង រំលាយគណបក្សសង្គ្រោះជាតិ ដែលជាការសម្រេចរបស់តុលាការកំពូលនោះឡើយ។
ការអះអាងបែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខា ធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយគណៈប្រតិភូ នៃគណៈកម្មាធិការ សុខភាព និងគោលនយោបាយសង្គម នៃព្រឹទ្ធសភាសាធារណរដ្ឋឆែក ដឹកនាំដោយឯកឧត្តម Ivo Barekអនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែកនៅទីស្តីការក្រសួងការបរទេសកម្ពុជា នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបឯកឧត្តម អ៊ុច បូរិទ្ធ បានបញ្ជាក់ថា ក្នុងជំនួបនេះ គណៈប្រតិភូព្រឹទ្ធសភាឆែក និងរូបលោក បានពិភាក្សាក្រោយបរិយាកាស ដ៏ស្និទ្ធស្នាលបំផុត ពាក់ ព័ន្ធនឹងចំណងមិត្តភាពរវាងកម្ពុជា និងសាធារណរដ្ឋឆែក ដែលផ្តួចផ្តើមបង្កើតឡើងដោយ សម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាមួយថ្នាក់ដឹកនាំសាធារណរដ្ឋឆែក។
ក្នុងជំនួបនោះឯកឧត្តមអ៊ុចបូរិទ្ធក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឆែកដែលបានផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជា តាំងពីកម្ពុជារំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មកដល់ពេលបច្ចុប្បន្ន។ ឯកឧត្តម អ៊ុច បូរិទ្ធ និងគណៈប្រតិភូព្រឹទ្ធសភាឆែក ក៏បានពិភាក្សាទៅលើ ការផ្តល់ជំនួយសម្រាប់កម្មវិធីអភិវឌ្ឍន៍ឆ្នាំ២០១៨-២០២០ ទៅលើវិស័យសិក្សាធិការ សុខាភិបាល និងកសិកម្មជាដើម។
បើតាមឯកឧត្តម អ៊ុច បូរិទ្ធ គម្រោងនេះ នឹងត្រូវចុះហត្ថលេខារវាងមន្ត្រី ផ្នែកអភិវឌ្ឍន៍របស់ កម្ពុជា និងសាធារណរដ្ឋឆែកក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រៅពីការពិភាក្សាទៅការរឹតចំណង មិត្តភាព និងកិច្ចអភិវឌ្ឍន៍ហើយ ឯកឧត្តម អ៊ុច បូរិទ្ធិ ក៏បានឆ្លៀតរៀបរាប់ពីស្ថានការណ៍ នយោបាយ នៅកម្ពុជា ជាពិសេសរឿងរំលាយគណបក្សសង្គ្រោះជាតិ ជូនទៅគណៈប្រតិភូព្រឹទ្ធសភារបស់ឆែក ដែលជាប្រទេសសមាជិករបស់សហភាពអឺរ៉ុបផងដែរ។
ឯកឧត្តម អ៊ុច បូរិទ្ធ បានគូសបញ្ជាក់ថា ក្រោយពីបានស្តាប់អំពីស្ថានការណ៍នយោបាយ នៅ កម្ពុជា ហើយនោះគណៈប្រតិភូរបស់ឆែក បានឆ្លើយតបថាឆែកមានគោល នយោបាយច្បាស់លាស់ ដោយមិនជ្រៀតជ្រែកគោលនយោបាយរបស់ប្រទេសដទៃនោះទេ ហើយគោរពការសម្រេចចិត្ត របស់កម្ពុជា។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរបស់កម្ពុជា កាត់រំលាយ ចោល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទថាបានប្រព្រឹត្តទង្វើក្បត់ជាតិ ដោយឃុប ឃិត ជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ក្រៅពីការរំលាយគណបក្ស នយោបាយមួយនេះហើយ តុលាការកំពូល ក៏បានហាមឃាត់ថ្នាក់ដឹកនាំគណបក្សមួយនេះ ១១៨ រូបមិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំផងដែរ។
ប្រតិកម្មតបការរំលាយនេះ សភាអាមេរិក និងសភាសហភាពអឺរ៉ុបផងដែរ បានព្រមានក្នុងការ ដាក់ទណ្ឌកម្មដល់កម្ពុជា។ ឯកឧត្តម អ៊ុច បូរិទ្ធ បានអះអាងថា ការសម្រេចរបស់សភាអឺរ៉ុប មិនមែន ចេះតែអាចធ្វើទៅបាននោះទេ ព្រោះការអនុម័តទាំងឡាយស្ថិតនៅលើគណៈកម្មការអឺរ៉ុប។
បើតាមឯកឧត្តម អ៊ុច បូរិទ្ធ សភាសហភាពអឺរ៉ុប ធ្លាប់បានប្រតិកម្មច្រើនលើកច្រើនសារមក ហើយ តាមការអំពាវនាវរបស់លោក សម រង្ស៊ី និងបក្ខពួក តែទីបំផុតសហភាពអឺរ៉ុប មិនដែលបាន អនុម័ត តាមនោះឡើយ។
ក្នុងជំនួបនោះឯកឧត្តម អ៊ុច បូរិទ្ធ ក៏បានវាយប្រហារទៅលោក សម រង្ស៊ី ផងដែរថា ជាបុគ្គល ដែលតែងតែប្រឆាំងប្រយោជន៍ជាតិ និងបំផ្លាញប្រទេសជាតិ៕