ប៉ោយប៉ែត ៖ សមត្ថកិច្ចថៃ ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ កាលពីថ្ងៃទី15 ខែធ្នូឆ្នាំ២០១៧ នេះ ខណៈដែលពួកគេទាំង៥នាក់ កំពុងលូនចេញពីរន្ធក្រោមដី មួយកន្លែង ដើម្បីឆ្លងដែនដោយខុសច្បាប់ តាមរយៈមេខ្សល់។ ករណីឃាត់ខ្លួននេះ ធ្វើឡើងដោយ កំលាំងអន្តោប្រវេសន៍ និងកំលាំងតម្រួតថៃ ប្រចាំតំបន់ ខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ដោយ បានចុះទៅកាន់ចំណុចរបងថ្មមួយកន្លែង ដែលបានសាងសង់ឡើងជាប់នឹងមាត់អូរព្រំដែនកម្ពុជា ថៃ នៅទិសខាងត្បូងនៃទីលានផ្ញើរថយន្តរបស់ក្រុមហ៊ុន ហ្គោលដិនកេត ស្ថិតក្នុងឃុំអារញ្ញ ស្រុក អារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។
នៅទីនោះមានរន្ធមួយដែលមានទំហំ ០,៥០ម៉ែត្រ ដែលក្រុមជនខិលខូចបានជីករូង ក្រោមដី សម្រាប់លូនឆ្លងចេញ ចូល ពី ប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ តាមក្រោមរបងថ្មនៃខ្សែបន្ទាត់ ព្រំដែន។ ដោយឃើញបែបនេះ កំលាំងថៃ ក៏បានអង្គុយចាំឃ្លាំមើលមួយសន្ទុះ ក៏បានឃើញ ពលករ ខ្មែរចំនួន៥នាក់ បានលូនចេញពីរន្ធបន្តបន្ទាប់ ទើបកំលាំងតម្រួតថៃ ឃាត់ខ្លួនដោយបានចាប់ ទាញ ចេញពីរន្ធ ព្រមទាំងបានសាកសួរបឋម គឺពលករខ្មែរទាំងនោះបានសារភាពថា រូង ក្រោមដីនេះ គឺជាស្នាដៃរបស់ក្រុមមេខ្យល់ សម្រាប់អោយពលករខ្មែរលូនឆ្លងចូល ទៅធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសថៃ ដោយបង់អោយពួកគេក្នុងម្នាក់៧០០បាត ។
ក្រោយពេលឃាត់ខ្លួនភ្លាមៗ ក្រុមតម្រួតថៃបាននាំខ្លួនជនទាំង៥នាក់ នោះទៅកាន់ស្នងការ ដ្ឋានខេត្តស្រះកែវជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរបន្ត រកមុខសញ្ញាមេក្លោងធំ ដែលនៅពី ក្រោយខ្នង ក្នុងរឿងនេះ។
សូមបញ្ជាក់ថា នេះមិនមែនជាករណីទិ១ទេ គឺធ្លាប់កើតឡើងជាញឹកញាប់ ហើយកាលពី រសៀលថ្ងៃទី១៦ ខែធ្នូ ម្សិលមិញនេះ ពលករខ្មែរទាំអស់នោះ ត្រូវបានសមត្ថកិច្ចថៃ សាកសួររួច រាល់ និងបានបញ្ជូនមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តជាតិ ប៉ោយប៉ែត វិញរួចហើយ៕