ភ្នំពេញ ៖ ផ្សារទំនើបឈ្មោះថាម៉ាក្រូបានបដិសន្ធិឡើងនៅលើផ្ទៃដីទំហំ១ម៉ឺនម៉ែត្រក្រឡា ស្ថិតក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានចំណាយក្នុងការសាងសង់ក្នុងទំហំទឹកប្រាក់ ប្រមាណ ១៤លានដុល្លារអាមេរិក ជាការវិនិយោគដោយផ្ទាល់របស់ពាណិជ្ជករថៃ។ បន្ថែមពី លើនេះផ្សារទំនើបមួយនេះនឹងពង្រីកសាខារបស់ខ្លួនពី៩ ទៅ១០កន្លែងក្នុងប្រទេសកម្ពុជា នា រយៈពេល ៣ឆ្នាំខាងមុខ ដោយគ្រោងចំណាយទុនសរុបប្រមាណ ១០០លានដុល្លារអាមេរិកបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោកស្រី ស៊ុឆាដា អុីធីចារូគូល អគ្គនាយិកា ក្រុមហ៊ុន សាយ៉ាម ម៉ាក្រូ ចំកាត់មហាជន ក្នុងសន្និសីទសារព័ត៍មានស្តីពីការបើកសម្ពោធ ផ្សារម៉ាក្រូជាផ្លូវការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។
បើតាមលោកស្រី ស៊ុឆាដា អុីធីចារូគូល ថា ម៉ាក្រូគឺជាមជ្ឈមណ្ឌលចែកចាយផលិតផល បោះដុំទី១នៅកម្ពុជាសម្រាប់អាជីវករលក់រាយ សណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មម្ហូបអា ហារជាដើម។ លោកស្រីបានសម្តែងនូវសុទិដ្ឋិនិយមផ្ទាល់ខ្លួនថា ម៉ាក្រូនៅក្នុងប្រទេសកម្ពុជា នឹងទទួលបានជោគជ័យ និងអាចពង្រីកខ្លួនទៅកាន់បណ្តាខេត្ត/ក្រុងបន្ថែមទៀតក្នុងពេលអនាគត ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងហក់ឡើងខ្ពស់គួរកត់សម្គាល់ ជីវភាព ប្រជាជនកាន់តែប្រសើរឡើង កម្ពុជាកំពុងក្លាយជាតារាកំពុងរះ ដែលកត្តាទាំងនេះនឹងធ្វើឲ្យ អ្វីៗអាចប្រព្រឹត្តទៅបានល្អប្រសើររួមទាំងផ្សារម៉ាក្រូរបស់លោកស្រីផងដែរ។
អគ្គនាយិកាក្រុមហ៊ុន សាយ៉ាម ម៉ាក្រូ ចំកាត់មហាជនរូបនេះបានសង្កត់ធ្ងន់ថា វត្តមាន របស់ម៉ាក្រូក្នុងប្រទេសកម្ពុជាមិនដើម្បីតែកើបផលចំណេញម្នាក់ឯងនោះទេ។ ក្រុមហ៊ុនក៏នឹង ជួយឲ្យពលរដ្ឋកម្ពុជាមានបានផងដែរ តាមរយៈការផ្តល់ជូននូវទំនិញទាំងក្នុងប្រទេស និងទំនិញនាំចូលសុទ្ធល្អ មានគុណភាព និងសុវត្ថិភាពប្រើប្រាស់ស្របតាមស្តង់ដាឲ្យអាជីវករ យកទៅលក់បន្ត ដោយខាងក្រុមហ៊ុនលក់ជូនក្នុងតម្លៃសមស្របដែលអ្នកយកទៅលក់បន្តអាចបានចំណេញយ៉ាងសមរម្យ។ លោកស្រីថា មិនតែប៉ុណ្ណោះខាងក្រុមហ៊ុននឹងមានការបណ្តុះបណ្តាលដល់បុគ្គលិកខ្មែរដែលកំពុងបំរើការងារនៅក្នុងផ្សារម៉ាក្រូនេះទាំង ២៥០នាក់ឲ្យមានជំនាញទៅតាមផ្នែកនីមួយៗ រួមទាំងការជួយបណ្តុះបណ្តាលដល់ពលរដ្ឋខ្មែរណាដែលចង់ក្លាយជាអ្នកលក់ចាប់ហួយនៅតាមផ្ទះដោយជោគជ័យ ហើយក្រៅពីការបណ្តុះបណ្តាលនេះ ខាងក្រុមហ៊ុនក៏នឹងជួយរៀបចំកន្លែងលក់ដូរជូនពួកគាត់ផងដែរមានដូចជាការដាក់តាំងមុខទំនិញឲ្យបានត្រឺមត្រូវ មានសណ្តាប់ធ្នាប់ និងប្រកបដោយភាពទាក់ទាញ ស្របតាមទិសស្លោកថា ម៉ាក្រូ ជាដៃគូអាជីវកម្មរបស់អ្នក។ ដូច្នេះសូមអតិថិជន និងអាជីវករ ទាំងអស់អញ្ជើញទៅចុះឈ្មោះជាសមាជិករបស់ផ្សារម៉ាក្រូដើម្បីទទួលបាននូវភាពងាយស្រួល ការផ្តល់ជូននូវតម្លៃពិសេស រួមនិងអត្ថប្រយោជន៍ជាច្រើនទៀត៕
ពាណិជ្ជករថៃបោះទុន ១៤លានដុល្លារ បង្កើតផ្សារម៉ាក្រូនៅភ្នំពេញ