បាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន៤៨នាក់យកទៅអប់រំបន្ទាប់ពីបានប្រមូលផ្តុំគ្នាពេលយប់ហើយផឹកស៊ីស្រវឹងស្រែកឡូឡា ជក់គ្រឿងញៀនគ្មានសណ្តាប់ធ្នាប់នៅលើសួនច្បារសាធារណៈកណ្តាលក្រុងបាត់ដំបង។
លោក ឈឿង គឹមសុង ប្រធានក្រុមបង្កាបង្ក្រាបនៃស្នងការនគរបាលខេត្តបាត់ដំបងបានអោយដឹងនៅថ្ងៃទី១៧ ខែធ្នូនេះថា ប្រតិបត្តិការបង្ក្រាបក្មេងទំនើងនេះអនុវត្តលើ៣គោលដៅ ដែលគោលដៅទី១នៅក្នុងបរិវេណស្ថានីយ៍រថភ្លើង និង២គោលដៅទៀតនៅតាមទីសាធារណៈនានាក្នុងក្រុងបាត់ដំបង ។ ប្រតិបត្តិការចុះឃាត់ខ្លួននេះដែរ ធ្វើឡើងចាប់ពីម៉ោង១,០០នាទី រំលងអាធ្រាត ដល់ម៉ោង៣,៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។
លោកវរ:សេនីយ៍ទោ សៀក ភា ប្រធានស្តីទីការិយាល័យនគរបាលព្រហ្មទណ្ឌ័កំរិតស្រាល បានអោយដឹងថា ប្រតិបត្តិការចុះប្រមូលក្រុមក្មេងទំនើងទាំង៤៨នាក់ ជាការអនុវត្តក្រោមវិធានការរដ្ឋបាលដើម្បីអប់រំណែនាំដល់ក្រុមធ្វើសកម្មភាពជិះម៉ូតូជាន់ជន្ទល់កោសផ្ទប់តាមថ្នល់ រោរិ៍ម៉ាស៊ីន និងបង្ហោះម៉ូតូ ។ ជាងនេះទៀត ក្រុមនេះ បានប្រជុំគ្នាជាក្រុមផឹកស៊ីស្រវឹងស្រែកឡូឡានិងឈ្លោះប្រកែកគ្នាបង្កការភ័យខ្លាចដល់សាធារណះជនប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ក្រៅពីនេះតាមចម្លើយរបស់ក្រុមក្មេងដែលឃាត់ខ្លួន បានសារភាពថាពួកខ្លួនស្ទើតែទាំងអស់មានជាប់សរធាតុញៀននិងជាមុខសញាចាស់ធ្លាប់ទទួលការអប់រំ ណែនាំម្តងរួចមកហើយ។
លោកវរ:សេនីយ៍ទោ សៀក ភា បន្តថា ក្រុមក្មេងទំនើងទាំងអស់ដែលឃាត់ខ្លួនយកមកអប់រំនេះចំនួន៤៨នាក់ ក្នុងនោះមានក្មេងចំនួន៥នាក់ជាមុខសញ្ញាជួញដូរ ចែកចាយគ្រឿងញៀន ក្មេងមានជាប់សារធាតុញៀនចំនួន៣០នាក់ និង៣នាក់ផ្សេងទៀតជាក្មេងដើរពពាក់ពពូនតាមគ្នា៕