ភ្នំពេញ ៖ ស្ថានតំណាងពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃ នៅរាជធានីភ្នំពេញ បានបញ្ជាក់ថា ចេតនារបស់រាជរដ្ឋាភិបាលថៃ ជាពិសេសក្រសួងពាណិជ្ជកម្មថៃ ដែលតែងតែខិតខំពង្រីកទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម និងការវិនិយោគរវាងថៃ និងកម្ពុជា ឱ្យកាន់តែមានវិសាលភាពធំធេងជាងបណ្តាឆ្នាំមុនៗថែមទៀត។
លោក ជីវ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំកម្ពុជា បានលើកឡើងនៅក្នុងពិធីសម្ពោធហាងលក់សម្ភារៈកីឡា Plus Nine by His and Her នៅផ្សារទំនើបអ៊ីអនម៉ល កាលពីរសៀលថ្ងៃទី១៧ ខែធ្នូនេះថា ដោយផ្អែកលើប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ មានស្ថិរភាព នយោបាយ ធានាបាននូវសន្តិសុខសាធារណៈ ហើយជាប្រទេសកំពុងមានការអភិវឌ្ឍរីកចំរើនគួរឱ្យកត់សម្គាល់ និងមានកិច្ចសហប្រតិបត្តិការល្អ រវាង ប្រទេសទាំង២ផង និងក្នុងនាមជាអ្នកភូមិផងរបងជាប់គ្នា ក៏ដូចជាការឧបត្ថម្ភគាំទ្រដល់អាជីវករថៃ ឱ្យកាន់តែមានទីផ្សារបន្ថែមនៅក្នុងប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្មថៃ បានជម្រុញដល់អ្នកវិនិយោគរបស់ឱ្យ បន្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។
លោកបន្តថា រាជរដ្ឋាភិបាល និង ក្រសួងពាណិជ្ជកម្មថៃ បានត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រវិស័យឯកជនរបស់ប្រទេសទាំង២ ដើម្បីឱ្យពាណិជ្ជកម្ម និងការវិនិយោគបន្តរីកចំរើន យូរអង្វែងលើគ្រប់វិស័យ។
ចំណែកលោក ថាណុងឆៃ ជុងពីយវ៉ារាំង ជាអ្នកវិនិយោគិនបានអះអាងថា ខ្លួនមិនញញើតនឹងការបោះទុនវិនិយោគនៅកម្ពុជានោះឡើយ ខណៈប្រទេសមានការវិវត្តជឿនលឿន ហើយប្រជាជនមានការពេញនិយមលើផលិតផលបរទេស ដែលមានគុណភាព ។ ឆ្លើយតបនឹងតម្រូវការមួយនេះ ហាងរបស់លោកធានាថា មិនឱ្យអតិថិជនអស់សង្ឃឹមឡើយ។ ហើយលោកនឹងបន្តពង្រីកមុខរបស់របស់ខ្លួនឱ្យបានកាន់តែច្រើនថែមទៀតនៅកម្ពុជា ព្រោះលោកទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការប្រកបមុខរបរនៅកម្ពុជា។
លោកក៏បានអះអាងថា នឹងបន្តចាប់ដៃគូរជាមួយអ្នកវិនិយោគក្នុងស្រុក ដើម្បីនាំនូវផលិតផលដែលមានគុណភាព មកកាន់ទីផ្សារប្រទេសកម្ពុជា ពិសេសលើសម្ភារៈកីឡា និងគ្រឿងប្រើប្រាស់នានា ដែលកំពុងពេញនិយម នៅលើសកលលោក៕
រដ្ឋាភិបាលថៃ នឹងពង្រីកទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឱ្យកាន់តែធំជាងមុន