ភ្នំពេញ ៖ ក្រុមប្រឹក្សាទេសចរណ៍ពិភពលោក (WTTC)បានឱ្យដឹងថា វិស័យទេសចរណ៍នៅកម្ពុជា បានបង្កើតការងារសរុប ដោយផ្ទាល់ និងប្រយោលចំនួនជាង២,២លាននាក់ ស្មើនឹង ២៦% នៃការងារសរុប ក្នុងនោះការងារផ្ទាល់មានប្រមាណ១.២លាននាក់ ស្មើ ១២% នៃការងារសរុប ហើយការងារផ្ទាល់នៅក្នុងវិស័យទេសចរណ៍មានប្រមាណជាង៦២ម៉ឺននាក់។
ដោយឡែកក្នុងរយៈពេល១០ខែ ដើមឆ្នាំ ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៣ លាននាក់ កើនឡើង ១០.៤% ធៀបនឹងរយៈដូចគ្នាក្នុងឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧ នឹងកើនឡើងចំនួន ៥,៦ លាននាក់។
ដោយផ្អែកលើស្ថានភាពដ៏ប្រសើរនាពេលបច្ចុប្បន្ននិងនៅអនាគតនៅឆ្នាំ២០២០កម្ពុជា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ៧លាននាក់ ដែលនឹងបង្កើតការងារផ្ទាល់ប្រមាណ១លាននាក់ និងចំណូលចូលជាតិប្រមាណ៥.០០០លានដុល្លារអាមេរិក ។
តាមសន្ទុះនៃការចម្រើនឥតឈប់ឈរ និងគ្រប់កាលៈទេសៈ វិស័យទេសចរណ៍មិនត្រឹមតែបានទទួលស្គាល់ដោយអង្គការពិភពលោកនានាថា ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម សម្បត្តិវប្បធម៌ និងធម្មជាតិ ប៉ុណ្ណោះទេ ថែមទាំងចូលរួមសម្រេចការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ពិភពលោកទៀតផង។
ស្ថាប័នទេសចរណ៍ដ៏ធំខាងលើបានបង្ហាញទៀតថា ក្នុងបរិបទអាស៊ាន ឆ្នាំ២០១៦ តំបន់ទាំងមូលបានទទួលទេសចរអន្តរជាតិចំនួន១១៦លាននាក់ កើនឡើង ៦,៥% ក្នុងនោះទេសចរផ្ទៃក្នុងអាស៊ាន មានចំនួនជាង ៥៣,៣លាននាក់។ ទេសចរណ៍អាស៊ានបានបង្កើតចំណូលជូនជាតិប្រមាណ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) និងការងារសរុបប្រមាណ៤៥លាននាក់ ក្នុងនោះការងារផ្ទាល់មានប្រមាណ ១៣លាននាក់។ ជាចក្ខុវិស័យឆ្នាំ ២០២០ អាស៊ានរំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ១២៣លាននាក់។
គួររំលឹកថា វិស័យទេសចរណ៍នៅកម្ពុជា មានការរីកចម្រើនខ្លាំងក្លា ខណៈដែលឆ្នាំ១៩៩៨ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណតែ២៩ម៉ឺននាក់ និងមានកំណើនយ៉ាងឆាប់រហ័ស រហូតដល់ជាង៥លាននាក់ នៅឆ្នាំ ២០១៦ កើន១៦២៤% លើរយៈពេល១៨ឆ្នាំ។ នៅឆ្នាំ ២០១៦ ជាមួយនឹងកំណើន៥% ទេសចរណ៍កម្ពុជាបាននាំចំណូលចូលសេដ្ឋកិច្ចប្រមាណ៣.៤០០លានដុល្លារអាមេរិក ស្មើនឹង១២% នៃផលិតផលក្នុងស្រុកសរុប(GDP)៕
ចំនួនទេសចរកើនឡើង កម្ពុជានឹងសម្រេចការអភិវឌ្ឍដោយនិរន្តរភាពរបស់ពិភពលោក