ភ្នំពេញ ៖ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៩:៣០ នាទីព្រឹក នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខា នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៩:៣០ នាទីព្រឹក នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣ ១៧០ លានយ៉េន (ប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។
ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដោយរដ្ឋាភិបាលជប៉ុន ដើម្បីលើកកំពស់សមត្ថភាពធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ជាតិ៕