កូន​គោ​ចម្លែក​ញី​មួយ​ឈ្មោល​មួយ​កើតមក​ជាប់​គ្នា​មាន​ជើង​៨ ក្បាល២ កន្ទុយ​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2017 ក+ ក-

​ឧ​ត្ត​រ​មានជ័យ ៖ មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​នាំ​គ្នីគ្នា​ទៅ​អុជ​ធូប​បុណ្យ​ស្រន់ និង​សុំ​សេចក្តីសុខ ពី​សាកសព​កូន​គោ​ចំឡែក​ពីរ​ក្បាល​ដែល​កើតមក​ជាប់​គ្នា ដោយ​ពួកគាត់​គិតថា ជា​រឿង​អភូតហេតុ និង​មាន​អ្នកមាន​បុណ្យ​បារមី​មក​ចាប់ជាតិ​។​

​តាម​ការរៀបរាប់​ពី​ម្ទា​ស់​គោ​ចំឡែក​នេះ ឈ្មោះ ប្រាក់ ហៀន ភេទ ស្រី អាយុ ៥០ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​និយាយថា កូន​គោ​ចំឡែក​ដែល​កើតមក​មាន​ឈ្មោល​មួយ​ក្បាល និង​ញី​មួយ​ក្បាល មាន​ជើង ៨ ក្បាល​ពីរ និង​កន្ទុយ​ពីរ តែ​ត្រគៀក​ជាប់ ដែល​បានកើត​នៅវេលា​ម៉ោង ១២ រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ហើយ​រយពេល​បី​ម៉ោង​មក​ក៏បាន​ស្លាប់​ទៅវិញ​។​

បងស្រី​បាន​បញ្ជាក់ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ដដែល មាន​អ្នកជិតខាង អ្នក​នៅ​ភូមិ​ជាមួយ និង​អ្នកភូមិ​ផ្សេងទៀត ដែល​ដំណឹង​នេះ ក៏​នាំគ្នា​មក​មើល​កូន​គោ​ភ្លោះ​ញី​ឈ្មោល​នេះ ដោយមាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​អុជ​ធូប​បួង​សុំ​សេចក្តីសុខ ព្រោះ​ពួកគាត់​គិតថា វា​ជា​អភូតហេតុ​។ ហើយ​មិនតែប៉ុណ្ណោះ ក៏មាន​អាចារ្យ យាយ​តា និង​ចាស់ទុំ ក៏បាន​រៀបចំ​ពិធីសូត្រមន្ត និង​បានជ្រើសរើស​ថ្ងៃ​បញ្ចុះ​សាកសព​កូន​គោ​ភ្លោះ​ញី​ឈ្មោល នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៧ ដូច​ទៅនឹង​ពិធី​បុណ្យសព​ប្រពៃណី​ទៅតាម​ជំនឿ​តរៀងមក​៕