ទប់មិនជាប់នឹងរលកព័ត៌មានដែលបាន ទម្លាយចេញពាក់ព័ន្ធនឹងកូនស្រីបង្កើត លោកទេព រិន្ទដារ៉ូ បានទទួលស្គាល់ថា កញ្ញា ខេមា រីតា ដែលលោក ហួងហែងបំផុតក្នុងសកម្មភាពដើរបង្ហាញម៉ូដនោះ គឺជាកូនស្រីបង្កើតរបស់ខ្លួន។ យ៉ាងណាក៏ដោយ លោកហាក់មិនចង់និយាយអ្វីពាក់ព័ន្ធនឹងរឿងនេះទេ ក្រៅពីលែងប្រកែកដូចមុនថានាងគ្រាន់តែជាក្មួយស្រី ។
គ្រប់ពេលមានការចុះផ្សាយពាក់ព័ន្ធនឹង កញ្ញា ខេមា រីតា ដែលជាតារាបង្ហាញម៉ូដម្នាក់ក្នុងក្រុមCambodia Super Model លោក ទេព រិន្ទដារ៉ូ មិនដែលទទួលស្គាល់ថា នាងគឺជាកូនស្រីបង្កើតនោះឡើយ បើទោះជាតារាសិល្បៈ និងអ្នកចេញចូលហាងកាហ្វេរបស់លោកនៅខេត្តសៀមរាប សុទ្ធតែអះអាងថាអ្នកទាំងពីរជាឪពុក និងកូនបង្កើត ។ លោក ទេព រិន្ទដារ៉ូ រមែងឆ្លើយថា កញ្ញាគ្រាន់តែជាក្មួយប៉ុណ្ណោះ ប៉ុន្តែមកពីលោកស្រឡាញ់ ទើបតាមឃ្វាលដូចកូន គ្រប់ពេលដែលនាងចេញដើរបង្ហាញម៉ូដ ឬចូលរួមក្នុងវេទិកាសិល្បៈនានា ។
តារាសិល្បៈក្នុងក្រុមCambodia Super Model បានអះអាងថា អ្នកទាំងពីរជាឪពុកកូនបង្កើត ដោយមិនមែនជាក្មួយដូចការអះអាងរបស់លោកនោះទេ។ អ្នកស្ថិតក្នុងរង្វង់សិល្បៈ និងអ្នកដឹងរឿងនៅខេត្តសៀមរាបបានហៅការប្រកែករបស់លោក ថាជាការបង្វែងដាន ដើម្បីបញ្ចប់ការចាប់អារម្មណ៍ និងដើម្បីកុំឲ្យមានការជជីកសួរណាមួយនាំឲ្យមានដំណឹងវែងឆ្ងាយ។ ក្នុងនោះ សូម្បីកញ្ញា ខេមា រីតា ខ្លួនឯង ក៏ឆ្លើយស្ទាក់ស្ទើរថានាងគ្រាន់តែជាក្មួយ ដែលរស់នៅជាមួយលោកប្រៀបដូចជាកូនម្នាក់នោះផងដែរ ។
ប្រភពពីតារាសិល្បៈ ក្នុងក្រុម Cambodia Super Model បានប្រាប់VODថា កញ្ញារីតា គឺជាកូនបង្កើតរបស់លោក ទេព រិន្ទដារ៉ូ ដោយលោករមែងហួងហែងបំផុត ព្រោះខ្លាចមានអ្នកមករញ៉េរញ៉ៃកូនស្រី ។ ជាមួយការទម្លាយជាថ្មីពាក់ព័ន្ធនឹងរឿងដដែលនេះ លោក ទេព រិន្ទដារ៉ូ បានព្រមទទួលស្គាល់ការពិត ។
លោក ទេព រិន្ទដារ៉ូ លើកឡើងថាជីវិតឯកជនរបស់លោក គឺមិនខុសពីបុគ្គលទូទៅនោះទេ ដោយក្រៅពីធ្លាប់មានភរិយា ក៏មានកូនក្មួយនៅក្រោមបន្ទុកផងដែរ ។ លោកបានសារភាពដោយលែងប្រកែកថា ខេមា រីតា គឺជាកូនស្រីបង្កើត បើទោះជាការទម្លាយចេញ ហាក់មិនសូវបញ្ចេញឲ្យអស់ទិន្នន័យ។ តារាវ័យជាង៥០ឆ្នាំរូបនេះនិយាយថា «រឿងវាអញ្ចឹង(ជាកូនបង្កើត )មែនហើយ ប៉ុន្តែមកពីសម្បូរអ្នកសួរខ្ញុំពេក ទើបចេះតែថាក្មួយទៅ ។ ការពិតក្មួយ ឬកូន គេមើលដឹងតើ ក្មួយឯណាទៅណាក៏តាមៗអញ្ចឹងនោះ»។
នេះជាចម្លើយដ៏កម្ររបស់លោកតបនឹង សំណួររបស់VOD ដែលបានចោទសួរថា ហេតុអ្វីបានជាលោកមិនព្រមទទួលស្គាល់ខេម៉ា រីតា ថាជាកូនស្រីបង្កើត ដូចការអះអាងរបស់អ្នកសិល្បៈ និងអ្នករស់នៅសៀមរាប ដែលម្នាក់ៗទម្លាយចេញច្បាស់ដូចថ្ងៃ។ ទោះយ៉ាងណា នៅមិនទាន់មានព័ត៌មានថា នាងជាកូនស្រីរបស់លោកជាមួយភរិយាដើមដែលបានលះលែងគ្នា ឬជាមួយនារីកំណាន់ចិត្តណាម្នាក់ ដែលលោកមិនបានបើកទម្លាយនោះឡើយ ក្រោយពីមានការអះអាងថា នាងគឺជាកូនស្រីបង្កើត។
ខេ មា រីតា ត្រូវគេឃើញលោកហៅថាកូនៗពេញមាត់ និងមិនដែលបណ្ដោយឲ្យទៅណាមកណាម្នាក់ឯងនោះទេ ដោយសូម្បីតែពេលនាងចេញដើរម៉ូដជាមួយក្រុមCambodia Super Model នៅវៀតណាម និងថៃ យូរថ្ងៃប៉ុណ្ណា ក៏លោកសុខចិត្តបោះបង់ការងារទៅតាមកំដរដល់ទីនោះ ។ លោកទេព រិន្ទដារ៉ូ និយាយថា មិនទាន់បណ្ដោយឲ្យតារាម៉ូដែល ខេមា រីតា ទៅណាមកណាតាមចិត្តនោះទេ បើទោះជានាងមានវ័យគ្រប់គ្រាន់ សម្រាប់ភាពម្ចាស់ការរបស់ខ្លួនក៏ដោយ ។ លោកក៏មិនបណ្ដោយឲ្យនាងទទួលយកការងារសម្ដែងក្នុងកុនផងដែរ ដោយព្រមឲ្យនាងទទួលដើរម៉ូដក្នុងកម្មវិធីថ្នាក់ជាតិធំៗ និងក្រៅស្រុកប៉ុណ្ណោះ ។
លោកនិយាយថា «អារីតា បើបណ្ដោយឲ្យចូលសម្ដែងមិនខ្វះទេការងារ ប៉ុន្តែអត់ទេ ឲ្យតែដើរម៉ូដប៉ុណ្ណោះព្រោះស្រឡាញ់ ហើយទាល់តែទុកចិត្តបំផុត បានខ្ញុំអត់ទៅមើលបើមិនអញ្ចឹងអត់ទេទៅណាក៏ខ្ញុំទៅតាមដែរ អត់ហ៊ានបណ្ដោយទេ»។ នេះជាលើកទី១ ដែលលោកទេព រិន្ទដារ៉ូ បញ្ជាក់ឲ្យដឹងថាខេមា រីតា គឺជាកូនស្រីបង្កើត ដោយលែងប្រកែកថាជាក្មួយធ្វើឲ្យមានការរិះគន់ពីអ្នកសិល្បៈដូចមុន។ យ៉ាងណាមិញ
ចម្លើយសារភាពរបស់លោក ក៏ស្ថិតក្នុងន័យចាក់បណ្ដោយផងដែរ សម្រាប់អ្នកដែលបានជឿស៊ប់រួចទៅហើយ ថានាងជាក្មួយតាមការបញ្ជាក់នាពេលកន្លងមករបស់លោក។ ក្នុងវ័យ២២ឆ្នាំ ខេមា រីតា ជានារីដែលមានកម្ពស់១,៧៦ម៉ែត្រ មានរាងខ្ពស់ស្រឡះ និងជានិស្សិតផ្នែករចនាម៉ូដដែលមានជំនាញឌីហ្សាញសម្លៀកបំពាក់ យ៉ាងស្ទាត់ជំនាញ៕VOD
លោក ទេព រិន្ទដារ៉ូ និងកញ្ញា ខេមា រីតា នាពេលកន្លងមក (រូបភាព៖ វង្ស សុម៉ាលីន)