កំពង់ស្ពឺ៖ ប្រជាពលរដ្ឋចំនួន០៨ភូមិ មកពីស្រុកពញាឮ និងស្រុកឧដុង្គបាន នាំគ្នាព័ទ្ធចាប់ស្រាយទម្លាក់គោចំនួន ១៥ក្បាល ចុះ រួចបានយកភ្លើងដុតរថយន្តកូរ៉េដឹកគោមួយគ្រឿង បណ្តាលឲ្យឆេះខូចខាតទាំងស្រុក។
ហេតុការណ៍នេះ បានកើតមានឡើងកាលពីវេលាម៉ោងប្រមាណ ២០យប់ ថ្ងៃទី២០ខែមីនា ឆ្នាំ២០១៥ ស្ថិតត្រង់ចំណុចដីឡូត៍ស្ងាត់មួយកន្លែង ខាងត្បូងខ្លោងទ្វារវត្តទួលសុភី ឃុំព្រះស្រែក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច បានឲ្យដឹងថា ប្រជាពលរដ្ឋដែលឡោមព័ទ្ធដុតរថយន្តដង្ខៅគោនេះ មកពីភូមិៈ ភូមិដំបូកមានល័ក្ខ, ត្រពាំងធ្នុង, ពពែជ្រៃលាស់ និងភូមិត្រពាំងអណ្តូង ឃុំទំបន់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ប្រភពបន្តថា ចំណែកប្រជាពលរដ្ឋខាងខេត្តកំពង់ស្ពឺ ដែលបានចូលរួមដុកដែរនោះ មកពីភូមិត្រពាំងឈូក, ប្រវឹកពង, ត្រពាំងធ្នុងលិច និងភូមិស្តុកក្រោល ឃុំព្រះស្រែ ស្រុកឧដុង្គ។
នគរបាលស្រុកឧដុង្គ បាននិយាយថា រថយន្តដែលរងការដុតកំទេចចោលនោះម៉ាកកូរ៉េ ក្បាលពណ៌សរ ទ្រុងខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8710 របស់ឈ្មោះសយ ណែម ភេទប្រុស អាយុ ២៦ឆ្នាំមានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។
ប្រភពពីនគរបាល បន្តថា មុនពេលកើតហេតុមានរថយន្តកូរ៉េមួយគ្រឿងមានដឹកគោពេញ ចេញមកពីភូមិជាងហ្លូង ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ស្ពឺ បានមកចតនៅដីឡូត៍ទំនេរមួយកន្លែងខាងត្បូងខ្លោងទ្វារចូល វត្តទួលសុភី ឃុំព្រះស្រែ ស្រុកឧដុង្គ ហើយត្រូវបានអ្នកភូមិប្រទះឃើញមានការសង្ស័យបានប្រកាសហៅគ្នីគ្នា ជាច្រើនភូមិដែលនៅក្បែរៗគ្នានោះ មានមកពីឃុំទំនប់ធំ ស្រុកពញាឮ ចំនួន៤ភូមិ និងឃុំព្រះស្រែ ស្រុកឧដុង្គ ចំនួន ៤ភូមិដែរស្ទាក់ឃាត់រថយន្តនោះហើយបានស្រាយចំណងដាក់សត្វគោចុះដី ទាំងអស់ រួចបានយកភ្លើងដុតកំទេចចោលតែម្តង។
នគរបាលស្រុកឧដុង្គ បានបញ្ជាក់ថា ករណីប្រជាពលរដ្ឋជាច្រើនភូមិនាំគ្នា ដុតកំទេចរថយន្តដឹកគោនោះ ដោយសារពួកគាត់មានកំហឹងអំពីចោរលួចគោជាញឹកញាប់ ហើយរកមិនដែលឃើញ ដល់ពេលពួកគាត់ឃើញរថយន្តដឹងគោគួរឲ្យសង្ស័យ ប្រកាសហៅ គ្នីគ្នាគ្រប់ភូមិបានឡោមព័ទ្ធស្រាយគោចុះដីអស់ហើយដុតឡានចោល ប៉ុន្តែសមត្ថកិច្ចទៅអន្តរាគមន៍មិនទាន់ពេលទើបរថយន្តត្រូវភ្លើងឆេះ ខូចខាតទាំងស្រុង។
ករណីនេះ ម្ចាស់រថយន្តបានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចជួយរកយុត្តិធម៌ ប៉ុន្តែដូចជាស្មុកស្មាញណាស់ព្រោះប្រជាពលរដ្ឋរហូតដល់ទៅ៨ភូមិ ឯណោះ ដោយសារពលរដ្ឋយល់ច្រឡំទើបក្លាយជាបែបនេះនោះ៕