ឆ្លង​ឆ្នាំ​២០១៧ ចូល ២០១៨ នៅ​សៀមរាប​មាន​អ្នកចូលរួម​ជាង​៣០​ម៉ឺន​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 January, 2018 ក+ ក-


​សៀមរាប ៖ ពលរដ្ឋ​ខ្មែរ​មកពី​គ្រប់ទិសទី និង​អ្នកទេសចរ​អន្តរជាតិ ប្រមាណ​ជាង​30​ម៉ឺន​នាក់ បានមក​ចូលរួម​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល នា​រាត្រី ថ្ងៃទី​៣១ ឆ្នាំ​២០១៧ ចូលឆ្នាំ​២០១៨ ក្នុង​ក្រុង​សៀមរាប​។​
​តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ឲ្យ​ដឹងថា​ចំនួន​ភ្ញៀវ​សរុប​ដែល​ចូលមក​កំសាន្ត​ក្នុង​យប់​ឆ្លង​ឆ្នាំ​សកល​មាន​ចំនួន​ជាង​33​មឺ​ុ​ន​នាក់ ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជិត​80​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​2016​ដែលមាន​ចំនួន​ភ្ញៀវ​ជា​19​ម៉ឺន​នាក់ ។ របាយការណ៍​បង្ហាញថា ភ្ញៀវ​ជា​ជនជាតិខ្មែរ​មានការ​កើនឡើង​រហូត​ដល់​76.46​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​2016​។​
​អភិបាលខេត្ត​សៀមរាប ឯកឧត្តម​ឃឹម ប៊ុន សុង បាន​ថ្លែងថា ក្នុងឱកាស​នៃ​រាត្រី​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​២០១៨​នេះ បានបង្ហាញ​អោយឃើញថា សៀមរាប ជាស​ក្កា​នុព​ល​វិស័យ​ទេសចរណ៍​ធំ​បំផុត បន្ទាប់ពី​ទីក្រុង​ភ្នំពេញ នឹងធ្វើ​អោយ​កំណើន​ភ្ញៀវ ទេសចរណ៍​ជាតិ និង​អន្តរជាតិ មានការ​កើនឡើង​ជាង​ឆ្នាំមុន​។​ឯកឧត្តម​បាន​បន្ដថា ចំពោះ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ អាជ្ញាធរខេត្ត​បាន​យកចិត្តទុកដាក់​ខ្ពស់ ព្រមទាំង​ធានា​នូវ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នេះ​ផងដែរ​។ វត្តមាន​របស់​ភ្ញៀវទេសចរ​បរទេស ដែល​ធ្វើដំណើរ​ឆ្លង​ទ្វីប ដើម្បី​ប្រារព្វ​ពិធី​ឆ្លង​ឆ្នាំ​នៅលើ​ដែនដី​ប្រវត្តិសាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ពិតជា​មិនធម្មតា​នោះទេ សម្រាប់​ការ​វាស់​ជម្រៅ មនោសញ្ចេតនា​ដែល​ប្រកបទៅដោយ​ការស្រឡាញ់​រាប់អាន​ចំពោះ វប្បធម៌​ខ្មែរ​នោះ​។ ជាមួយនឹង​ការផ្តល់​នូវ​តម្លៃ​ជា​មោទនភាព​ដ៏​ខ្ពង់ខ្ពស់​នេះ ទោះបី​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានកំណត់​ច្បាស់​ថា ព្រះពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ ហើយ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​នេះ ជា​ប្រពៃណី​បែប ប​ស្ចឹ​ម​ប្រទេស និង​ជា​ប្រពៃណី​របស់​គ្រី​ស្គ​បរិស័ទ​យ៉ាងណាក៏ដោយ ក៏មាន​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​អ្នក​កាន់​ព្រះ​ពុ​ទ្វ សាសនា ឬក៏​ដូច​អ្នក​កាន់សាសនា​គ្រី​ស្គ ត្រូវបាន​ចូលរួម​អបអរសាទរ សប្បាយរីករាយ​ចូលឆ្នាំថ្មី​ទាំងអស់គ្នា​ដែរ​។ ប្រការ​ដ៏​ជាក់ច្បាស់​ខាងលើ គឺជា​កត្តា​បង្ហាញថា ពី​សុខសន្តិភាព​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​បង្កើតឡើង​នូវ​បរិយាកាស​សង្គម​មួយ ដែលជា​ជោគជ័យ​នៃ​ការរើបម្រះ​របស់​មនុស្ស​ជាតិ ចាក​ចេញពី​ការប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ នៃ​ពិភពលោក ហើយក៏​ជាការ​កត់សម្គាល់​កាន់ តែ​ប្រសើរ​ថែមទៀត​នោះ គឺ​ការបង្ហាញ ពិភពលោក​ឲ្យ​ឃើញថា ព្រះរាជាណាចក្រ​កម្ពុជា គឺជា​សមុទ្រ​បេះដូង គ្មាន​ការរើសអើង​ពូជសាសន៍ និង​សាសនា ព្រមទាំង​ជា​ពិភព​ដ៏​សុខ​ក្សេម ក្សាន្ត​នៃ​មនុស្សជាតិ ហើយក៏​ជាការ​បង្ហាញ​ពី​សិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោម​ដំបូល​សន្តិភាព​៕