ភ្នំពេញ៖ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅម្ដុំស្ពានលីយ៉ុងផាត់ ក្នុងខណ្ឌឫស្សីកែវ សមត្ថកិច្ចបានដាក់ការសង្ស័យជំហានដំបូងថា ជារឿងគំនុំ។
នៅវេលាម៉ោងជិត២១យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ មានករណីបាញ់ប្រហារមួយបានកើតឡើង នៅម្ដុំស្ពានលីយ៉ុងផាត់ ដោយខ្មាន់កាំភ្លើងមានគ្នា២នាក់ជិះម៉ូតូម៉ាក CPX ពណ៍ស បានបាញ់ប្រហារទៅលើជនរងគ្រោះចំនួន២គ្រាប់ ចំកណ្ដាលក្បាល បណ្ដាលឲ្យដួលស្លាប់នៅនឹងកន្លែង។
ករណីបាញ់ប្រហារនេះ បានកើតឡើង នៅពេលដែលជនរងគ្រោះកំពុងតែបណ្ដើរម៉ូតូ ម៉ាក NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CB-4808 នៅក្បែរស្ពានលីយ៉ុងផាត់ ស្រាប់ តែជនសង្ស័យដកកាំភ្លើងបាញ់សម្លាប់តែម្ដង។ បន្ទាប់ពីបាញ់ប្រហារជនរងគ្រោះរួចហើយ ជនសង្ស័យបានគេចខ្លួនបាត់ស្រមោល ។ក្រោយពេលទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានបើកការស្រាវជ្រាវភ្លាមៗដែរ ប៉ុន្តែមិនទាន់រកឃើញជនដៃដល់នៅឡើយទេ ៕