ភ្នំពេញ ៖ ក្នុងអំឡុងពេលពេញ១ឆ្នាំ២០១៧ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បាន បណ្ដាលឲ្យមនុស្សស្លាប់ជាង១ពាន់៧រយនាក់ ខណៈករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនជាង៊៣.៥០០លើក។
យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈដែលផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៧ គ្រោះថ្នាចរាចរណ៍បានកើតឡើងចំនួន៣.៥៣១លើក មានការថយចុះចំនួន១៦៩លើក ស្មើនឹង៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦ រីឯអ្នកស្លាប់មានចំនួន១.៧៨០នាក់ មានការកើនឡើង ចំនួន៦៣នាក់ ស្មើនឹង៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦។
ចំណែកអ្នករបួសមានចំនួន៥.៥៣៩នាក់ មានការថយចុះចំនួន១.០៦៨នាក់ ស្មើនឹង ១៦ភាគរយ បើ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦កន្លងទៅនេះ។
របាយការណ៍ដដែលបានបញ្ជាក់ថា ខេត្តដែលមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើងមាន គឺខេត្តកណ្តាល ព្រះវិហារ កំពង់ចាម កំពត ស្ទឹងត្រែង សៀមរាប កំពង់ធំ ស្វាយរៀង ព្រះសីហនុ កោះកុង មណ្ឌលគិរី កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តប៉ៃលិន៕