ពោធិ៍សាត់ ៖ តាមការលើកឡើង អភិបាលស្រុកក្រគរ លោក ប៊ិន វណ្ណា បានឲ្យដឹងថា៖ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តក្រុងសញ្ញា កាប់ពីតូល បុកជាមួយរថយន្តរបស់លោក សុទ្ធ តារា ប្រធានក្រុមប្រឹក្សា ស្រុកក្រគរ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៥០-១៦០ ត្រង់ចំណុចភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកគ្រគរ ខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥នាក់ ។ លោកបន្តថា ហើយនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ហ្នឹងមាន លោក សុទ្ធ តារា ជាប្រធានក្រុមប្រឹក្សាស្រុកក្រគរ ក៏បានស្លាប់ដែរ គឺក្នុងពេលដែលកំពុងរៀបចំបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យខេត្ត និងជនរងគ្រោះ ៤នាក់ទៀត (ស្រី៣នាក់) ស្លាប់នៅកន្លែងកើតហេតុតែម្ដង។
លោកអភិបាលស្រុកក្រគរ លោក ប៊ិន វណ្ណា បានបញ្ជាក់ផងដែរថា នៅកន្លែងកើតហេតុ មានអ្នករងរបួសជាច្រើននាក់ផ្សេងទៀត ដែលសុទ្ធតែសាច់ញាតិរបស់លោក សុទ្ធ តារា ដែរ ឥឡូវនេះ សមត្ថកិច្ចគ្រប់ស្ថាប័នកំពុងជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ។
តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះ បានឱ្យដឹងថា មុនកើតហេតុឃើញរថយន្តក្រុងនឹងរថយន្តលោកក្រុមប្រឹក្សាស្រុក សុទ្ធ តារា បើកបរដោយបញ្ច្រាស់ទិសគ្នា ស្រាប់តែមកបុកគ្នាពេញទំហឹងតែម្ដង ហើយឃើញរថយន្តរបស់លោកក្រុមប្រឹក្សាបានរេចង្កូតធ្លាក់ចូលប្រឡាយជាប់ផ្លូវទៅបុកនឹងបង្គោលភ្លើងមួយសារទៀត ចំណែកឯរថយន្តក្រុងដឹកអ្នកដំណើរបានរេចង្កូតធ្លាក់ក្បាលចូលប្រឡាយ តែកន្ទុយរថយន្តនៅគងលើផ្លូវ ។
ក្រោយពេលដែលកើតហេតុភ្លាមៗ មានបងប្អូនប្រជាពលរដ្ឋមកជួយសង្គ្រោះប្រជាពលរដ្ឋខ្លះទៀតរាយការណ៍ទៅសមត្ថកិច្ច មួយសន្ទុះក្រោយមកឃើញសមត្ថកិច្ចជំនាញមកដល់កន្លែងកើតហេតុតែម្ដង។
មន្ត្រីសមត្ថកិច្ច នៅកន្លែងកើតហេតុ មិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះទាំងអស់នៅឡើយទេ ដោយគ្រាន់តែប្រាប់ថា កំពុងរៀបចំឯកសារដើម្បីបន្តនីតិវិធីដោះស្រាយដល់ភាគីទាំងពីរ និងសម្រាប់ជនរងគ្រោះ៕ សុផល
រថយន្តក្រុងកាពីតូល បុកជាមួយរថយន្តមន្ត្រីស្រុកក្រគរស្លាប់៥នាក់