ភ្នំពេញ ៖ ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ២០១៧ មានការកើនឡើងជាង ១៧ ភាគរយ ទន្ទឹមនោះ ក្រុមហ៊ុននាំអង្ករចេញ រំពឹងថានឹងអាចនាំចេញ បានច្រើនបន្ថែមទៀតក្នុងឆ្នាំ២០១៨ ខណៈដែលកូតានាំចូលអង្ករទៅកាន់ប្រទេសចិន ត្រូវបានតម្លើងដល់៣០ម៉ឺនតោន និង ទីផ្សារអឺរ៉ុបនៅតែមានស្ថិរភាព ។
យោងតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករចេញ សរុបជាង ៦៣ម៉ឺន៥៦០០តោន ទៅកាន់ទីផ្សារអន្តរជាតិ គឺកើនឡើង ១៧,៣ភាគរយ ធៀបនឹងឆ្នាំ២០១៦ ដែលកម្ពុជាបាននាំអង្ករចេញបានជាង ៥៤ម៉ឺន២ពាន់តោន ។
តួលេខនាំចេញអង្ករក្នុងឆ្នាំ២០១៧នេះ ក៏បានបង្ហាញផងដែរពីកំណើននាំអង្ករចេញរបស់កម្ពុជា ប្រមាណ ៦៧,៧៨ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដែលធៀបនឹងការនាំចេញសរុប កាលពីឆ្នាំ ២០១៣ មានជាង ៣៧ម៉ឺន៨៨០០ តោន ។ តាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលកន្លងមក ក៏បានបញ្ជាក់ដែរថា ទិន្នផលប្រមូលស្រូវនៅក្នុងឆ្នាំ២០១៧ កើនឡើងដល់ជាង១០លានតោន ។
ក្រុមហ៊ុននាំចេញអង្ករកម្ពុជាមួយចំនួន បានមើលឃើញថា «អង្ករកម្ពុជា កាន់តែទទួលបានភាពពេញនិយម ហើយគុណភាពត្រូវបានទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ។ កំណើនការនាំចេញនៅឆ្នាំនេះគឺជាសញ្ញាដ៏ល្អ ។ ទីផ្សារធំៗ ដែលទទួលយកអង្ករពីកម្ពុជា គឺទីផ្សារអឺរ៉ុប ដែលស្នើនឹង៤៥ ភាគរយ មានដូចជា ប្រទេសបារាំង ប៉ូឡូញ អង់គ្លេស ហូឡង់ បែលហ្ស៊ិក និងសាធារណរដ្ឋឆែក ជាដើម។ ចំណែក ប្រទេសចិន បានក្លាយជាទិសដៅដ៏សំខាន់សម្រាប់ការនាំចេញអង្ករ ពីកម្ពុជា ដោយសាររដ្ឋាភិបាលចិនបានយល់ព្រមបង្កើនការទិញអង្ករកម្ពុជា ពីចំនួន ២០ម៉ឺនតោនក្នុងឆ្នាំ២០១៧ អោយកើនឡើងដល់ ៣០ម៉ឺនតោននៅឆ្នាំ២០១៨នេះ ។
ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែស្វែងរកទីផ្សារនាំចេញបន្ថែមទៀត ដើម្បីអោយអង្ករកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ អោយបាន១លានតោនក្នុងមួយឆ្នាំ ក្រុមហ៊ុននាំអង្ករកម្ពុជាចេញ យល់ឃើញថា ឧស្សាហកម្មអង្ករត្រូវតែផ្ដោតបន្ថែមទៀតលើគ្រាប់ពូជមានគុណភាព ការបង្កើនឃ្លាំងស្ដុកអង្ករ ម៉ាស៊ីនសម្ងួត និងប្រព័ន្ធធារាសាស្ដ្រ អោយបានគ្រប់គ្រាន់ ។ អ្នកនាំអង្ករចេញ ចង់អោយបើរដ្ឋាភិបាលបញ្ចេញកម្ចីកាន់តែច្រើនដល់រោងម៉ាស៊ីនកិនស្រូវសម្រាប់ការសាងសង់ឃ្លាំងស្ដុកស្រូវ និងម៉ាស៊ីនសម្ងួតស្រូវ ដែលនឹងជួយបង្កើនសមត្ថភាពនៃការប្រមូលស្រូវ ហើយនឹងបង្កើនការនាំចេញផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ធនាគារអភិវឌ្ឍន៍ជនបទ ( RDB) ក៏បានផ្ដល់កម្ចីអត្រាការប្រាក់ទាបរហូតដល់ ៣០លានដុល្លារដល់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ ដើម្បីសាងសង់ និងប្រតិបត្តិការឃ្លាំងស្ដុកស្រូវ និងឡសម្ងួតស្រូវនៅក្នុងខេត្តចំនួន៤រួចមកហើយ ក្នុងគោលបំណងបង្កើនការស្ដុកស្រូវ និងសមត្ថភាពសម្ងួត ប៉ុន្តែបញ្ហាមួយទៀតសម្រាប់ស្រូវអង្ករកម្ពុជា គឺតម្លៃស្រូវនៅមិនទាន់ល្អប្រសើរនៅឡើយ នៅក្នុងតំបន់ខ្លះក្នុងប្រទេសកម្ពុជា៕
ឆ្នាំមុន កម្ពុជានាំចេញអង្ករកើន១៧% ឆ្នាំនេះចិនបញ្ជាទិញដល់៣០ម៉ឺនតោន និងទីផ្សារអឺរ៉ុបរក្សាលំនឹង