ប៉ារីស៖ ប្រឈមមុខនឹងកម្រិតខ្ពស់នៃសារធាតុពុលក្នុងបរិយាកាសក្នុងក្រុង ប៉ារីស អស់រយៈពេល ៧ថ្ងៃជាប់ៗគ្នាកន្លងទៅនេះ អាជ្ញាធរបារាំងបានសម្រេចចាត់វិធានការដ៏ កម្រ គឺដាក់កម្រិតការធ្វើចរាចរណ៍នៃយានយន្តផ្ទាល់ខ្លួន នៅក្នុងក្រុងប៉ារីស ដោយតម្រូវឲ្យធ្វើចរាចរណ៍ឆ្លាស់គ្នា គឺយានយន្តដែលមានស្លាកលេខសេសអាចធ្វើដំណើរនៅថ្ងៃសេស ហើយយានយន្តដែលមានស្លាកលេខគូអាចធ្វើដំណើរនៅថ្ងៃគូ។ វិធានការនេះបានចូលជាធរមានចាប់តាំងពីព្រឹកព្រលឹមថ្ងៃចន្ទនេះ។
ចាប់តាំងពីព្រឹកព្រលឹមថ្ងៃចន្ទនេះ មានតែយានយន្ត ដែលពាក់ស្លាកលេខសេសតែប៉ុណ្ណោះ ដែលអាចធ្វើដំណើរក្នុងក្រុងប៉ារីស និងតំបន់ជាយក្រុងប៉ារីសបាន ដោយសារតែថ្ងៃនេះ គឺជាថ្ងៃទី២៣មីនា ដែលជាថ្ងៃសេស។ វិធានការនេះត្រូវបានដាក់ទៅលើគ្រប់ប្រភេទយានយន្តទាំងអស់ ទាំងរថយន្តតូច ធំ និងទាំងម៉ូតូ លើកលែងតែយានយន្តដែលដើរដោយថាមពលអគ្គិសនី យានយន្តដែលមានមនុស្សជិះចាប់ពី៣នាក់ឡើងទៅ និងយានយន្តដែលបម្រើការសេវាសាធារណៈ។
ប៉ូលិសចំនួន ៧៥០នាក់ ត្រូវបានគេដាក់ពង្រាយនៅតាមច្រកសំខាន់ៗ ដើម្បីធានានូវការអនុវត្តវិធានការនេះ ហើយអ្នកដែលប្រព្រឹត្តល្មើសនឹងត្រូវពិន័យជាប្រាក់ចំនួន ២២អឺរ៉ូ ព្រមទាំងតម្រូវឲ្យធ្វើដំណើរត្រឡប់ក្រោយវិញ។
ដើម្បីជាថ្នូរនឹងការហាមឃាត់ការប្រើយានយន្តផ្ទាល់ខ្លួននេះ អាជ្ញាធរក្រុងប៉ារីសបានបើកឲ្យអ្នកដំណើរអាចប្រើប្រាស់ដោយ ឥតគិតថ្លៃ នូវប្រព័ន្ធដឹកជញ្ជូនសាធារណៈ រួមមាន រទេះភ្លើង និងរថយន្តក្រុង ជាដើម។ កន្លែងចតរថយន្ត ដែលធម្មតាត្រូវបង់ថ្លៃ ក៏ត្រូវបានបើកឲ្យចតដោយឥតគិតថ្លៃផងដែរ។
នៅពេលរសៀលនេះ អាជ្ញាធរទទួលបន្ទុកវាស់កម្រិតពុលក្នុងបរិយាកាសក្រុងប៉ារីសនឹង ចេញផ្សាយតួលេខថ្មីមួយទៀត សម្រាប់ថ្ងៃចន្ទ ហើយប្រសិនបើសារធាតុពុលនៅក្នុងបរិយាកាស នៅតែមានកម្រិតខ្ពស់ ការតម្រូវឲ្យធ្វើចរាចរណ៍ឆ្លាស់គ្នានឹងត្រូវបន្តធ្វើ។
ក្នុងករណីនេះ ដល់វេនយានយន្តដែលមានស្លាកលេខគូវិញម្តង ដែលមានសិទ្ធិធ្វើចរាចរណ៍ នៅថ្ងៃស្អែក ដែលជាថ្ងៃគូ។ ក៏ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងបរិស្ថានបារាំងបានប្រាប់ទីភ្នាក់ងារព័ត៌មាន បារាំង AFP កាលពីប៉ុន្មានម៉ោងមុននេះថា វិធានការធ្វើចរាចរណ៍ឆ្លាស់គ្នានេះនឹងមិនត្រូវបន្តធ្វើនៅថ្ងៃស្អែក នេះទេ ដោយសារតែកម្រិតសារធាតុពុលក្នុងបរិយាកាសនឹងត្រូវថយចុះមកវិញ។
គួររំឭកឡើងវិញថា ការកំណត់ឲ្យយានយន្តធ្វើចរាចរណ៍ឆ្លាស់គ្នានេះ គឺជាវិធានការដ៏កម្រ ដែលធ្លាប់ត្រូវបានដាក់ចេញតែ ២លើកប៉ុណ្ណោះ កាលពីពេលកន្លងមក គឺលើកទី១ កាលពីឆ្នាំ១៩៩៧ និងលើកទី២ កាលពីខែមីនា ឆ្នាំ២០១៤៕rfi
ចរាចរណ៍នៅលើផ្លូវក្រវាត់ក្រុងប៉ារីស ជាមួយនឹងស្លាកសញ្ញាសរសេរថា “យានយន្តពាក់ស្លាកលេខគូ ហាមធ្វើចរាចរណ៍”