ភ្នំពេញ ៖ លោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានបង្ហាញអំពីមូលហេតុដែលលោកមិនអាចចូលបំភ្លឺក្នុងនាមជាសាក្សីជូនសាលាដំបូងរាជធានីភ្នំពេញបាន ជុំវិញសំណុំរឿងរបស់លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។
តាមរយៈលិខិតមួយ ដែលទើបនឹងផ្សព្វផ្សាយនៅថ្ងៃនេះលោកម៉ម សូណង់ដូ បានអះអាងថា ពេលនេះលោកកំពុងមានវត្តមាននៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាព ហើយលោកក៏បានស្នើសុំអភ័យទោសពីសំណាក់តុលាការផងដែរ ដែលខ្លួនអវត្តមានក្នុងការចូលបំភ្លឺតាមការកោះហៅជាលើកទី៣។
លោកម៉ម សូណង់ដូ បានបញ្ជាក់ក្នុងលិខិតនេះ ថា គ្រូពេទ្យទើបបានបញ្ជាក់ថា ការពិនិត្យសុខភាពរបស់ខ្ញុំនៅប្រទេសបារាំង នឹងត្រូវបញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។ ខ្ញុំនឹងជម្រាបជូនលោកចៅក្រមម្តងទៀត នៅពេលខាងមុខយ៉ាងខ្លី ថ្ងៃដែលខ្ញុំត្រូវមកដល់ស្រុកខ្មែរ។
សូមជម្រាប ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាធានីភ្នំពេញលោកគី ឫទ្ធី កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោកម៉ម សូណង់ដូ ឲ្យចូលបំភ្លឺនៅតុលាការ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនាមជាសាក្សីនៃសំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខា។
ដីកាកោះរបស់លោកគី ឫទ្ធី បានតម្រូវឲ្យលោកម៉ម សូណង់ដូ ចូលបំភ្លឺនៅម៉ោង៨ និង៣០នាទីព្រឹកនៅបន្ទប់”គ#ជាន់ទី៣ នៃសាលាដំបូងរាជធានីភ្នំពេញ អំពីដំណើររឿង សន្និដ្ឋិភាពជាមួយប្រទេស ប្រព្រឹត្តដោយលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ លោកម៉ម សូណង់ដូ ត្រូវចូលខ្លួនឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងនេះ ទៅជាមួយផង៕