ភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី និងទទួលទានអាហារការងារ ពេលថ្ងៃត្រង់ នៅវិមានសន្តិភាព ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាសហប្រធានកិច្ចប្រជុំកំពូល ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅថ្ងៃទី១០ ខែមករា នេះ គឺនៅមុនពិធីបើកកិច្ចប្រជុំកំពូលនេះចាប់ផ្តើម លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញពីសុទិដ្ឋនិយមចំពោះប្រទេសកម្ពុជាថា ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង លើកទី២នេះ កម្ពុជានឹង ទទួលបានលទ្ធផល ប្រកបដោយភាពត្រចះត្រចង់បំផុត។ មិនតែប៉ុណ្ណោះ នឹងរួមចំណែកលើកស្ទួយកិត្តិយស និងកិត្យានុភាពរបស់ប្រទេសកម្ពុជា កាន់តែខ្ពស់ថែមទៀត ទាំងនៅក្នុងតំបន់និងអន្តរជាតិ។ បើតាមការថ្លែងបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ក្រោយពីជំនួបនេះ ក៏បានឲ្យដឹងដែថា ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងនូវការវាយតម្លៃខ្ពស់ និង អបអរសាទរយ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជា ដែលបានទទួលនូវកំណើនសេដ្ឋកិច្ច សង្គមយ៉ាងល្អប្រសើរ ពិសេសប្រទេសកម្ពុជា មានសុខសន្តិភាព និងស្ថេរភាពនយោបាយ យ៉ាងពេញលេញ។ ចំពោះកំណើនសេដ្ឋកិច្ច របស់ប្រទេសទាំងពីរកម្ពុជា វៀតណាម លោក ង្វៀន សួនហ្វ៊ុក បានកត់សំគាល់ថា គឺមានការកើនឡើងរហូតដល់ ៣ពាន់៨០០លានដុល្លាអាមេរិក នៅក្នុងឆ្នាំ២០១៧ បើប្រៀបធៀប ទៅនឹងឆ្នាំកន្លងទៅ មានការកើនឡើង២៥% ក្នុងនោះ វៀតណាមបាននាំទំនិញកសិផលកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ២០១៧ មានប្រមាណជាង១ពាន់លានដុល្លារអាមេរិក។
សម្តេចតេជោ ចាត់ទុកថា ការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម នឹងចូលរួមចំណែកដល់ការពង្រឹងនិងពង្រីក កិច្វសហប្រតិបត្តិការរវាងប្រទេសជាសមាជិកនៃកិច្ចប្រជុំនេះកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសនឹងធ្វើឲ្យសន្និសីទនេះ ទទួលបាននូវភាពជោគជ័យជាមិនខាន៕
ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម មុនពេលប្រជុំកំពូលមេគង្គ-ឡានឆាង នៅភ្នំពេញ