ភ្នំពេញ ៖ លោកនាយករដ្ឋមន្ត្រីសាធារណៈរដ្ឋប្រជាមានិត្យចិន លី ខឹឈាងបានផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាពេញមួយថ្ងៃទី១១ ខែមករា នេះ។ ក្រោយជំនួបផ្លូវការទ្វេភាគីនៅវិមាន សន្តិភាព ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជាចិនបានសម្រេចចេញនូវលទ្ធផលផ្លែផ្កាជាច្រើន និងឈានដល់ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងចំនួន១៩ ផ្តោតលើកិច្ចសហប្រតិបត្តិការ ផ្នែក សេដ្ឋកិច្ច បច្ចេកវិទ្យា ទំនើបកម្មកសិកម្ម និងការសាងសង់ហេដ្ឋរចនាសម្ពន្ធ័ផ្លូវ កំពង់ផែ អគ្គិសនី និងអាកាសយានដ្ឋាន។
តាមរយៈដំណើរទស្សនកិច្ចផ្លូវការ និងការជួបពិភាក្សាទ្វេភាគីជាមួយប្រមុខដឹកនាំកម្ពុជា រវាងលោកនាយករដ្ឋមន្ត្រីចិន លឺ ខឺឈាងនៅវិមានសន្តិភាព ភាគីទាំងពីរកម្ពុជាចិន បានសម្រេចចេញនូវលទ្ធ ផលជាផ្លែផ្កាជាច្រើនក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់ តែរឹងមាំថែមទៀត។ ភាគីទាំងពីរកម្ពុជា-ចិន បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១០ អនុស្សារណៈយោគយល់គ្នាចំនួន៧ និង លិខិតប្តូរសារចំនួនពីរ ដោយផ្តោតលើកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចនិងបច្ចេកទេស
ការអភិវឌ្ឍកសិកម្មទំនើប គម្រោងសាងសង់ខ្សែអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ដំណាក់កាល ទី២ គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញខេត្តព្រះសីហនុកិច្ចសហប្រតិបត្តិការណ៍ហិរញ្ញប្បទាន សម្រាប់គម្រោងអាកាសយានដ្ឋាន ភ្នំពេញ(ថ្មី) គម្រោងបាញ់បង្ហោះផ្កាយរណបគម្រោងវិនិយោគ និងលើការសាងសង់និងប្រតិបត្តិ ការកំពង់ផែស្ទឹងហាវ។ ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៍បាន ប្រកាសជាផ្លូវការអំពីគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា ដែលផ្តល់ជាជំនួយឥត សំណងសម្រាប់គម្រោង សាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និង មន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងប្លង់ ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
បើតាម លោក អ៊ាង សុផល្លែតជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រីបាន បញ្ជាក់នៅក្រោយជំនួប ប្រមុខថ្នាក់ដឹកនាំទាំងពីរ នៅព្រឹកនេះថា លោក លី ខឺឈាង អះអាងចំពោះមុខសម្តេច នាយករដ្ឋ មន្ត្រីថា ចិននឹងនៅតែបន្តជួយដល់កម្ពុជាបន្តទៀតទៅលើវិស័យនានា ដើម្បីជម្រុញការអភិវឌ្ឍកម្ពុជា។ ឯ.ឧ នាយក រដ្ឋមន្ត្រីចិនបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក មានរយៈពេលខ្លីពិតមែនប៉ុន្តែមាន ប្រសិទ្ធភាពខ្ពស់ ដោយបានធ្វើការងារជាច្រើន ពីព្រោះដោយសារចិន កម្ពុជាមានទំនាក់ទំនងល្អ ហើយកិច្ចសហប្រតិបត្តិការក៍មានទំនាក់ទំនងល្អ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាឆ្នាំដ៍ពិសេសមួយដែលជាខួបលើកទី៦០នៃទំនាក់ ទំនងការទូតកម្ពុជាចិន ហើយក៍ជាចាប់ផ្តើមនៃដំណើរទស្ស នកិច្ចរបស់ លោក លី ខឺឈាងនាយករដ្ឋ មន្ត្រីចិននៅកម្ពុជា និង បានធ្វើជាសហប្រធានដឹកនាំនៃកិច្ចប្រជុំកំពូល កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិ ការមេគង្គឡានឆាងលើកទី២ ដោយឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិន។ សម្តេចតេជោបានស្នើសុំឲ្យចិនជួយ ជម្រុញអ្នកទេសចរចិនមកទស្សនា កម្ពុជាឲ្យបានកាន់តែច្រើន បន្ថែមទៀត ព្រមទាំងជួយពិចារណាក្នុងការនាំស្ករអំពៅពីកម្ពុជាផងដែរ។
ចំពោះបញ្ហានៃការនាំស្ករអំពៅចេញនេះ លោកនាយករដ្ឋមន្ត្រីចិន បានសុំស្នើឲ្យរដ្ឋមន្ត្រីពាណិជ្ជកម្មនៃ ប្រទេសទាំងពីរពិភាក្សាគ្នាដើម្បីធ្វើការនាំចេញ សម្រាប់ ទេសចរវិញចិននឹងបន្តជម្រុញអ្នកទេសចរ មក កាន់កម្ពុជាឲ្យបានកាន់តែច្រើនផងដែរ ។ លោកក៍បានជម្រាបជូនសម្តេចតេជោថា ចិនមានទឹកប្រាក់ ប្រកាស រួចរាល់ហើយប្រមាណ ១២០០លានយ័នសម្រាប់ការអភិវឌ្ឍគម្រោងតូចៗ និង ប្រមាណ៦០០ លានយ័នទៀតសម្រាប់គម្រោងធំៗនៅកម្ពុជា ដូច្នោះ លោក សុំភាគីទាំងពីរបន្តចរចារគ្នា ដើម្បីទាញយក ថវិកានេះយកប្រើប្រាស់។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីចិន លី ខឹឈាងនៅព្រឹកថ្ងៃដដែលនេះ បានអញ្ជើញ ដាក់កំរងផ្កានៅវិមាន ឯករាជ្យ និងព្រះបរមរូបព្រះបរមរតនកោដ្ឋ ព្រមទាំងបាន ចូលក្រាបបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាណាចក្រកម្ពុជា សម្តេច ព្រះបរមនាថនរោត្តម សីហមុនីនៅព្រះបរមរាជវាំង។ តាមការគ្រោងទុក លោកនាយករដ្ឋមន្ត្រីចិន នឹងចាកចេញពីកម្ពុជានៅរសៀលនេះ ក្រោយពិធីលាងសា យភោជន៍ជាផ្លូវការជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី៕