បាត់ដំបង : ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបតិ្តការស្រាវជ្រាវឃាត់ខ្លួនក្រោយធ្វើសកម្មភាពកាប់និងគប់ទៅលើជនរងគ្រោះម្នាក់អោយរងរបួសធ្ងន់។
លោក ឈឿង គឹមសុង មេក្រុមបង្ការបង្ក្រាបនិងជាអនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់សារព័ត៍មានមេគង្គប៉ុស្តិ៍អោយដឹងថា៖ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីឯកឧត្ដម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនយុត្តិធម៌ ត្រូវធ្វើយ៉ាងណាដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាឃាត់ខ្លួនក្រុមជនដៃអោយបាន។
ជាក់ស្ដែងនៅវេលាម៉ោង១៧-៥៥នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ម្សិលមុិញនេះលោកបានដឹកនាំកម្លាំងចុះទៅចំណុចក្នុងព្រលានយន្តហោះ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង កម្លាំងក៏បានប្រទះឃើញក្រុមជនសង្ស័យជាមុខសញ្ញាហើយបានស្ទាក់ចាប់ឃាត់ខ្លួនបានតែម្តង។
លោកបន្តថា៖ជាលទ្ធផលជាក់ស្ដែងកម្លាំងជំនាញធ្វើការឃាត់ខ្លួនបានចំនួន៤នាក់រួមមាន៖
១. ឈ្មោះ ម៉ៅ សាវី ហៅ ង៉ុយ ភេទប្រុស អាយុ១៦ឆ្នាំ
២.ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ
៣.ឈ្មោះ មុត ចាន់ថាត់ ភេទប្រុស អាយុ១៦ឆ្នាំ
៤.ឈ្មោះ ស៊ុន សៀវម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ ទាំង៤នាក់រស់នៅក្នុង សង្កាត់រតនៈ ក្រុងបាត់ដំបង។
បានធ្វើសកម្មភាពដោយយកកាំបិតនិងដុំថ្ម កាប់និងគប់ទៅលើឈ្មោះ ខៃ សំណាង ភេទប្រុស អាយុ២២ឆ្នាំកាលពីវេលាម៉ោង១-៤៥នាទីរំលងអាធ្រាត្រ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នៅចំណុចខាងមុខផ្សារពោធិ៍វង្ស ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បណ្តាលឲ្យរងរបួសធ្ងន់
– រយះប្រអប់ដៃខាងឆ្វេងចេញឆ្អឹង
– រយះប្រអប់ដៃខាងស្តាំ
– រយះស្មាខាងឆ្វេង
– រយះក្បាល៣កន្លែង។
ក្រោយធ្វើការឃាត់ខ្លួនយកមកសាកសួរនៅចំពោះមុខសមត្ថកិច្ចក្រុមជនដៃដល់ទាំង៤នាក់បានសារភាពថា៖ពួកគេពិតជាបានកាប់និងគប់ទៅលើជនរងគ្រោះពិតប្រាកដមែន មិនមានគំនំ ហើយក៏មិនដែលស្គាល់គ្នាដែរ គឺជួបភ្លាមកាប់យកៗតែម្តង។
បច្ចុប្បន្ន៖ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរបន្ថែមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ សុផល
ចាប់មនុស្ស៤នាក់ក្នុងករណីហិង្សាលើបុរសម្នាក់ឲ្យរងរបួសធ្ងន់