ភ្នំពេញ ៖ រហូតមកទល់ពេលនេះជនរងគ្រោះនៅតែទាមទារយុត្តិធម៌ក្រោយពេលដែលលោកម៉េងតូនីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ សម្រេចមិនឃុំខ្លួនជនបង្ក ហើយជនរងគ្រោះគ្មានទទួលបានសំណងសូម្បីមួយរៀល ។
ការសម្រេចមិនឃុំខ្លួននេះ បន្ទាប់ពីជនត្រូវចោទ ឡាច សុផល ហៅ លឹម ប៉េងហ៊ុយ ជាថៅកែហាងលក់សំបកកង់រថយន្តដាក់ប្រាក់តម្កល់មួយចំនួនខណៈជនរងគ្រោះពុំទាន់ទទួលបានសំណងរដ្ឋប្បវេណីសូម្បីមួយរៀល។
មន្ត្រីតុលាការថ្លែងថា ជនសង្ស័យឈ្មោះ ឡាច សុផល ហៅ លឹម ប៉េងហ៊ុយ អាយុ៦៩ឆ្នាំ ត្រូវបានលោក សឿនមុនីរ័ត្នព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ“ហិង្សាដោយចេតនា”តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ។
នគរបាលបញ្ជាក់ថាជនសង្ស័យឈ្មោះ ឡាច សុផល ហៅហ៊ុយភេទប្រុសអាយុ៦៩ឆ្នាំ ជាអ្នកលក់សំបកកង់ រថយន្តស្នាក់នៅផ្ទះលេខ១៩៦E0E1ផ្លូវ១៨២ក្រុមទី២៤ភូមិ៦សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មាន បញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ជនរងគ្រោះឈ្មោះគឹមប៊ុនឡុងភេទប្រុស អាយុ២៧ឆ្នាំមុខរបរនិស្សិត បានឡើងលើផ្ទះរបស់ខ្លួនជាន់ទី១ទៅមើលខ្សែភ្លើងដែល ជនសង្ស័យឈ្មោះឡាចសុផល ហៅ ហ៊ុយ បានតពីពេល ថ្ងៃកាត់មុខផ្ទះរបស់ខ្លួន ។
ពេលនោះជនរងគ្រោះបានយកទូរស័ព្ទដៃមកថតខ្សែភ្លើងដែលទើបនឹងតនោះរួចចុះមកខាងក្រោមវិញតាមណ្តើររួមគ្នាដល់ពាក់កណ្តាលស្រាប់តែឈ្មោះ ឡាច ដារី ត្រូវជាកូនស្រីរបស់ជនសង្ស័យឈ្មោះ ឡាច សុផល ហៅ ហ៊ុយ មានទំនាស់ពាក្យសម្តី ជាមួយជនរងគ្រោះឈ្មោះ គឹមប៊ុនឡុងរឿងតខ្សែភ្លើងកាត់មុខផ្ទះរបស់ដោយមិនបានសុំខ្លួន ។
ប្រភពបន្តថា ស្រាប់តែមួយគ្រួសារមានគ្នា៤នាក់ព្រួតវាយជនរងគ្រោះគឹមប៊ុនឡុងបណ្តាលឱ្យរបួសធ្ងន់តែម្តង ។ ក្រោយមក សមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យ ឡាច សុផលតែម្តង ៕