ភ្នំពេញៈ ជនសង្ស័យ២នាក់ចេញធ្វើសកម្មភាពកាច.កម៉ូតូតែពេលដែលឃើញកម្លាំង សមត្ថកិច្ចខណ្ឌដង្កោចុះល្បាតក៏ផ្ដួលម៉ូតូរត់ត្រូវសមត្ថកិច្ចធ្វើដេញចាប់បានភ្លាមៗ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោរាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ ជូរ សម្បត្ដិ អាយុ៣១ ឆ្នាំមុខរបរ សំណង ស្នាក់នៅការដ្ឋាន នៅកំបូល មានស្រុកកំណើត ភូមិកំពុងនុង ឃុំកូនសាត់ ស្រុកកំពត ខេត្ដកំពត ។
និងទី២-ឈ្មោះ ជួន ព្រឹម អាយុ៣៥ ឆ្នាំមុខរបរ ធ្វើសំណង ស្នាក់នៅក្នុងការដ្ឋានជាមួយគ្នា ។
បើតាមសម្ដីរបស់សមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្ដិ៍រលួសបានចុះល្បាតក្នុងភូមិសាស្ដ្រដើម្បីទប់ស្កាត់បទល្មើល ស្រាប់តែពេលល្បាតទៅដល់ចំណុចកើតហេតុក៏បានប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ពេលនោះសមត្ថកិច្ចមានការសង្ស័យក៏បានហៅអោយឈប់ដើម្បីសួរនាំ ស្រាប់តែជនសង្ស័យទាំង២នាក់បានផ្ដួលម៉ូតូរួចរត់គេចខ្លួនតែត្រូវសមត្ថកិច្ចដេញចាប់បានភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។
បើតាមសម្ដីសារភាពរបស់ជនសង្ស័យទាំង២នាក់បានឆ្លើយថា ខ្លួនបានធ្វើសកម្មភាពលួចកាចកម៉ូតូចំនួនជាច្រើនលើកមកហើយដែលបានធ្វើសកម្មភាពនៅខេត្ដកំពុងស្ពឺ និងខេត្តកំពត លុះមកដល់ថ្ងៃចាប់ខ្លួននេះជនសង្ស័យទាំង២នាក់បានចេញមកធ្វើសកម្មភាពកាចកម៉ូតូនៅខណ្ឌដង្កោ តែជាអកុសលត្រូវជួបកម្លាំងសមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនបាន ។
វត្ថុតាំងដកហូតបានរួមមាន៖ ស្លាកលេខម៉ូតូចំនួន៣ , ម៉ូតូមួយគ្រឿង និងសោរសម្រាប់កាចកមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចធ្វើការសាកសួរនៅកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕