ភ្នំពេញ ៖ ជនសង្ស័យដែលចាក់សម្លាប់ជនរងគ្រោះដែលជាប្អូនថ្លៃ ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់មួយរំពេចនៅលើផ្ទះក្នុង ខណ្ឌ៧មករា ហើយបានរត់គេចខ្លួន អស់រយៈពេលជាង១ឆ្នាំ ត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការកម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនបានហើយ នៅថ្ងៃទី១១ ខែមករាម្សិលមិញ នៅក្រុមទី៩ ភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
បើតាមមន្ដ្រីនគរបាលដែលចូលរួមប្រតិបត្ដិការ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះថា ជនសង្ស័យត្រូវបានចាប់ខ្លួន តាមដីកាដែលចេញដោយលោក សាយ សារុន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យឈ្នោះ ហេង បញ្ញា ហៅអេងបញ្ញា អាយុ២៦ឆ្នាំ។
ចំណែកជនរងគ្រោះឈ្មោះ អេង ម៉េងយាង អាយុ២០ឆ្នាំ មុខរបរសិស្ស ផ្ទះលេខ១១Eo ផ្លូវលេខ១៤០ ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យខាងលើបានកាន់កាំបិតបុ័ងតាងមួយ ឡើងទៅលើផ្ទះជនរងគ្រោះ ខណៈជនសង្ស័យឡើងទៅដល់ ឃើញជនរងគ្រោះនៅម្នាក់ឯង ហើយក៏មានការឈ្លោះប្រកែកគ្នា ពេលនោះជនសង្ស័យបានយកកាំបិតបុ័ងតាង ដែលកាន់នៅក្នុងដៃ បានចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត ត្រូវកញ្ចឹងកផ្នែកខាងក្រោយក្បាល ស្មាទាំងសងខាង ថ្ងាស ចុងច្រមុះលើថ្ងាងខឆងឆ្វេង គុម្គត្រចៀកលើថ្គាមខាងស្ដាំ ដើមដៃខាងស្ដាំ ស្មងខាងឆ្វេង ដាច់រយៈមេដៃខាងស្ដាំ និងលើក្បាលខាងស្ដាំ បណ្ដោលឲ្យជនរងគ្រោះស្លាប់នៅនិងកន្លែងកើតហេតុ ហើយជនល្មើសបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕