ភ្នំពេញ ៖ តុលាការកំពូល ទទួលបណ្ដឹងសាទុក្ខរបស់មេធាវីការពារក្ដីឱ្យអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី រួចហើយនៅក្នុងសប្ដាហ៍នេះ។ លោក កែវ វ៉ាន់នី មេធាវីការពារក្តីឱ្យលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ (យាង សុជាមេត្តា) ធ្លាប់បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករាថា លោកនឹងដាក់ពាក្យការពារក្ដីក្នុងសំណុំរឿងក្ដីនេះនៅតុលាការកំពូលនៅពេលខាងមុខ ព្រមទាំងដាក់សារណាការពារកូនក្ដីទាំងពីររបស់លោកផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី៤ ខែមករា លោក កែវ វ៉ាន់នី បានដាក់ពាក្យប្ដឹងសាទុក្ខនឹងសាល ដីកាសាលាឧទ្ធរណ៍ដោយសំណូមពរឱ្យតុលាការកំពូល សម្រេចទាត់ចោលសាលដីកាសាលា ឧទ្ធរណ៍ និងសម្រេចដោះលែងកូនក្ដីទាំងពីររបស់លោកឱ្យមានសេរីភាពឡើងវិញ។ លោកមេធាវីបញ្ជាក់ថា មូលហេតុដែលលោកប្ដឹងសាទុក្ខនេះ ដោយសារតែសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ផ្ដល់ភាពអយុត្តិធម៌បំផុតសម្រាប់កូនក្ដីទាំងពីររបស់លោក ដែលលោកមិនអាចទទួលយកបានឡើយ។
សូមរំឭកថា អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ត្រូវបានតំណាងអយ្យការអមសាលា ដំបូង រាជធានីភ្នំពេញ ចោទប្រកាន់ពីបទលួចផលិតព័ត៌មានបញ្ជូនមករដ្ឋធានីវ៉ាស៊ីនតុន តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកទាំងពីរអាចប្រឈមមុខជាប់ពន្ធនាគារពី ៧ ទៅ ១៥ឆ្នាំ។ អ្នកទាំង ពីរត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧៕