រដ្ឋសភា​នឹង​ប្រជុំ​អនុម័ត​យល់ព្រម​លើ​ពាណិជ្ជកម្ម​សេវាកម្ម​រវាង​អាស៊ាន​-​ឥណ្ឌា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2018 ក+ ក-

ភ្នំពេញ ៖ ឆ្លងតាម​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១២ ខែមករា​នេះ រដ្ឋសភា​នឹង​បន្ត​សម័យ ប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៥ របស់ខ្លួន​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ ដើម្បី​ពិភាក្សា និង​អនុ ម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​ក្រោម កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​សមាគម​ប្រជាជាតិ​អាស៊ី អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន និង​សាធារណរដ្ឋ​ឥណ្ឌា​។​

ថ្លែងប្រាប់​អ្នក​សារ​ព័​ត៍​មាននៅ​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ឯកឧត្តម ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​មានប្រសាសន៍ថា​៖ អាស៊ាន និង​ឥណ្ឌា​កន្លងទៅ​មាន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​សេដ្ឋកិច្ច​ជាមួយគ្នា​ក្នុង​ក្រប​
​ខ័​ណ្ឌ​អាស៊ាន​បូក​១ គឺ​អាស៊ាន​បូក​ឥណ្ឌា ហើយ​ឥឡូវនេះ​អាស៊ាន​ត្រូវមាន​ច្បាប់​ថ្មី​មួយទៀត​គឺ​
​ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​
​សមាគម​ប្រជាជាតិ​អាស៊ី អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន និង​សាធារណរដ្ឋ​ឥណ្ឌា ហើយ​ខាង​កម្ពុជា​ក្នុងនាម​ជា​សមាជិក​អាស៊ាន​ក៏បាន​រៀបចំ​នូវ​សេចក្តីព្រាងច្បាប់​ដាច់​ដោយ​
​ឡែក​របស់ខ្លួន​មួយ​ផងដែរ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ស្តីពី​ពាណិជ្ជកម្ម និង​សេវាកម្ម​រវាង​កម្ពុជា​
​និង​ឥណ្ឌា​។

​លោក ឈាង វុន បាន​គូសបញ្ជាក់ថា ឥណ្ឌា​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន និង​កំពុងមាន​ការលូតលាស់​ខ្លាំង ដែលនាំអោយ​ទាំង​អាស៊ាន ទាំង​កម្ពុជា ត្រូវមាន​កិច្ច​សហ​
​ប្រតិបត្តិការ​ជាមួយ​ឥណ្ឌា​អោយបាន​ស៊ីជម្រៅ ដើម្បី​ទាញយក​ផលប្រយោជន៍​ពីគ្នា​ទៅវិញ​ទៅ​
​មក​ក្នុង​ផ្នែក​សេដ្ឋកិច្ច​៕