តាកែវ ៖ ទិន្នផលនេសាទបង្កងក្នុងខេត្តតាកែវ ទទួលបានជាង៨៤តោន ក្នុងឆ្នាំ២០១៧ ខណៈដែលទិន្នផលនេសាទសរុបក្នុងខេត្តនេះ មានជា៣ម៉ឺន៤ពាន់តោន។
ក្នុងឆ្នាំ២០១៧ ខេត្តតាកែវ បានប្រមូលទិន្នផលនេសាទសរុប ជាង ៣ម៉ឺន៤ពាន់៨៨៦តោន បើធៀបទៅនឹងឆ្នាំ២០១៦ គឺកើនឡើងប្រមាណ១២,៨%។ ក្នុងចំណោមផលនេសាទសរុបនេះ ការនេសាទបង្កង បានទទួលផលប្រមាណ៨៤តោន ដែលទិន្នផលនេះបានមកពីការនេសាទជាលក្ខណៈគ្រួសារ បានជាង១ម៉ឺន៥ពាន់៣រយតោន! ការនេសាទក្នុងវាលស្រែ ទទួលបានជាង១ម៉ឺន ៤៤០តោន។ បើតាមការបញ្ជាក់ពី ប្រធានមន្ទីរកសិកម្ម ខេត្តតាកែវ លោក ញ៉ឹប ស្រ៊ន បានឲ្យដឹងថា ចំនួននេះគឺគិតតែក្នុងរដូវវស្សាកន្លងមកប៉ុណ្ណោះ។ ចំពោះ កំណើនទិន្នផលនេសាទនេះ ប្រធានមន្ទីរកសិកម្ម ខេត្តតាកែវ បានបញ្ជាក់ថា គឺដោយសារ អំណោយទឹកភ្លៀងធ្លាក់រាយប៉ាយល្អ នៅរដូវវស្សាឆ្នាំ២០១៧ គួបផ្សំជាមួយ បច្ចេកទេសនេសាទ និងការចិញ្ចឹមបន្ថែម តាមរយៈការពង្រីកការភ្ញាស់ និងការចិញ្ចឹម ត្រី បង្កង សម្រាប់ការអភិរក្ស ផងដែរ ។ ប្រធានមន្ទីរកសិកម្ម ខេត្តតាកែវ ក៏បានបញ្ជាក់បន្ថែមថា ទឹកទន្លេមេគង្គក្រោម ឡើងមករហ័ស ធ្វើអោយកំពស់ទឹកទន្លេជ្រៅរយៈពេលយូរខែ ក៏ជាកត្តាល្អនាំឲ្យសត្វរស់នៅក្នុងទឹកអាចបង្កាត់ពូជបានច្រើននៅក្នុងរដូវវស្សាឆ្នាំ២០១៧ដែរ។ បើតាមប្រជាជនដែលកំពុងប្រកបរចិញ្ចឹមត្រី បង្កា ក្នុងខេត្តតាកែវ បានអោយដឹងថា ដើម្បីបង្កើតកន្លែងចិញ្ចឹមនេះតាមបែបវារីវប្បកម្ម ជាលក្ខណៈកសិដ្ឋាន គឺត្រូវត្រៀមថវិកាយ៉ាងតិច ពី២ទៅ៣ម៉ឺនដុល្លារ។ ប៉ុន្តែបើចិញ្ចឹម ជាលក្ខណៈគ្រួសារ តាមបែបប្រពលវប្បកម្មធម្មជាតិ គឺចំណាយដើមទុន ប្រមាណ ១ពាន់ ទៅ២ពាន់ដុល្លារប៉ុណ្ណោះ សម្រាប់ការជីកស្រះ និងទិញកូនត្រីមកចិញ្ចឹម។ សូមបញ្ជាក់ថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានសម្រេចកាត់ឡូត៏នេសាទ ពីការគ្រប់គ្រងដោយរដ្ឋ ប្រគល់ឲ្យសហគមន៍មូលដ្ឋានគ្រប់គ្រងវិញមក រដ្ឋបាលជលផលខេត្តតាកែវបានបង្កើតជាសហគមន៍នេសាទចំនួន១៨ និងសហគមន៍ជម្រកត្រីចំនួន៦៤ ដើម្បីថែរក្សាពូជត្រីសម្រាប់រដូវនេសាទ ជាបន្តបន្ទាប់។ ចំណែកវារីវប្បកម្មនៅទូទាំងខេត្តតាកែវ មានស្ថានីយ៍ភ្ញាស់កូនត្រី ចំនួន២២ទីតាំង ដែលចែកចាយលក់កូនត្រី បានចំនួនជាង២១លានកូនត្រី នៅក្នុងឆ្នាំ២០១៧៕
ផលនេសាទបង្កងក្នុងខេត្តតាកែវ ទទួលបានជាង៨៤តោន ក្នុងឆ្នាំ២០១៧