ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ស្នើឲ្យកម្លាំងសមត្ថកិច្ចបង្កើនសកម្មភាពចុះត្រួតពិនិត្យឥរិយាបថរបស់អ្នកបើកបរជាពិសេស គឺជនជាតិចិន នៅតាមផ្លូវសាធារណៈ ដែលបើកបរក្នុងអាការៈស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់។
ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានរិះគន់កម្លាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ មាន នគរ បាលចរាចរណ៍ផ្លូវគោក ជាដើម ដែលបានទុកបណ្តោយឲ្យជនជាតិចិន អាចបើកបរក្នុងល្បឿនលឿនល្មើសច្បាប់ចរាចរណ៍កម្ពុជា ប៉ុន្តែគ្មានវិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង។
ប្រជាពលរដ្ឋច្រើនអ្នក អះអាងថា ការបើកបររបស់ជនជាតិចិន ភាគច្រើននៅតាមផ្លូវសាធារណៈនាទីប្រជុំជនក្នុងក្រុងព្រះសីហនុ រាល់ថ្ងៃនេះ គឺមានល្បឿនលឿន និងក្នុងអាការៈស្រវឹង ពិសេសនៅពេលរាត្រី។ ប្រជាពលរដ្ឋស្នើដល់កម្លាំងសមត្ថកិច្ច ពិសេសអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ជួយពិនិត្យការបើកបររបស់ជនជាតិចិន នាមូលដ្ឋាននេះ។
ឆ្លើយតបបញ្ហានេះ ស្នងការរងនគរបាលខេត្តព្រះសីហនុ និងជាប្រធានការិយាល័យកណ្ដាលនគរបាលសណ្ដាប់ធ្នាប់សាធារណៈ លោក អ៊ី សុខា ធ្លាប់មានប្រសាសន៍ថា សមត្ថកិច្ចជំនាញមិនព្រងើយកន្តើយការងារចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នេះទេ។ លោកបន្តថា ការត្រួតពិនិត្យការបើកបរយានយន្តគ្រប់ប្រភេទ ដែលប្រើប្រាស់ផ្លូវសាធារណៈរាល់ថ្ងៃនេះ គឺសមត្ថកិច្ចបានចុះពង្រឹងជាប្រចាំ ដោយមិនកំណត់ថាជនជាតិខ្មែរ ឬបរទេសនោះទេ៖ «ពាក់ព័ន្ធជនបរទេសបើកបររថយន្តដោយខ្លួនឯងនៅតាមផ្លូវសាធារណៈ នាខេត្តព្រះសីហនុ ខ្ញុំសំណូមពរដល់គណៈបញ្ជាការឯកភាពខេត្តចេញជាលិខិតស្នាមជាលាយលក្ខណ៍អក្សរ ដើម្បីឲ្យសមត្ថកិច្ចពួកខ្ញុំចុះអនុវត្តការងារឲ្យស្របតាមគោលការណ៍ដែលថ្នាក់ដឹកនាំបានដាក់ចេញ។ ករណីជូនបរទេសបើកបររថយន្តគ្មានច្បាប់ ឬប័ណ្ណបើកបរនោះទេ គឺច្បាប់ចរាចរណ៍ផ្លូវគោកថ្មី គឺមិនអនុញ្ញាតឲ្យអ្នកបើកបរទាំងអស់ មិនថាតែជនបរទេសនោះទេ ជនជាតិខ្មែរក៏តម្រូវឲ្យមានប័ណ្ណបើកបរឲ្យបានត្រឹមត្រូវដែរ»។
ជារឿយៗប្រជាពលរដ្ឋនិងមន្ត្រីរាជការ នៅខេត្តព្រះសីហនុ សង្កេតឃើញថា ចាប់ពីដើមឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ មកនេះ វត្តមានជនជាតិចិន មានចំនួនកើនច្រើននាមូលដ្ឋានខេត្តព្រះសីហនុ ហើយភាគច្រើននៃជនជាតិចិន ទាំងនោះ មិនសូវគោរពច្បាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋាននេះមានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ អាចនឹងកើតមានឡើងជាថ្មីទៀត។រដ្ឋបាល ខេត្តព្រះសីហនុ បង្ហាញថា ជនជាតិចិន ដែលបង្ហាញវត្តមានច្រើននាមូលដ្ឋាននេះ គឺជាភ្ញៀវទេសចរ និងអ្នកវិនិយោគទៅលើវិស័យសំណង់អគារធំៗ រួមមានសណ្ឋាគារ កាស៊ីណូ ភោជនីយ ដ្ឋាន និងក្លឹបកម្សាន្ត ជាដើម៕