ប៉ៃលិន ៖ ជនសង្ស័យម្នាក់ ត្រួវបានសមត្ថកិច្ចប៉ុស្ត៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ធ្វើការឃាត់ខ្លួន ខណៈពេលជនសង្ស័យ បានទាស់ពាក្យសំដីគ្នាបន្តិចបន្តួច រួចយកដាវសាម៉ូរ៉ៃ កាប់ទៅលើយុវជនម្នាក់ បណ្តាលអោយរងរបួសធ្ងន់ ត្រួវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងភ្លាមៗ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង០០នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនសង្ស័យឈ្មោះ ហម ឌី ហៅឌី ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករ មានស្រុកកំណើតនៅភូមិព្រែកសង្កែ ឃុំកោះស្លា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ចំណែកយុវជនរងគ្រោះឈ្មោះ សើ យាក ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករដូចគ្នា រស់នៅភូមិ/ឃុំ កើតហេតុខាងលើ រងរបួសធ្ងន់ ដោយដាវសាម៉ូរ៉ៃ ។
លោកអនុសេនីយ៍ទោ គង់ សំណាង នាយប៉ុស្ត៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ មានប្រសាសន៍ឲ្យដឹងថា៖ មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ បានមកពីធ្វើការងារជាកម្មករ នៅកន្លែងជាមួយគ្នា ដោយជនសង្ស័យជាមេកា ហើយយុវជនរងគ្រោះជាកម្មករតួចតាច ។ លោកនាយប៉ុស្ត៍ បានបន្តថា៖ បន្ទាប់មកអ្នកទាំងពីរ បានអង្គុយផឹកស៊ីជុំគ្នា មួយសន្ទុះក្រោយមក ស្រាប់តែមានពាក្យប្រកែកគ្នា តឹងមាត់តឹងករបន្តិចបន្តួច ក៍ស្រាប់តែជនសង្ស័យ បានទៅយកដាវសាម៉ូរ៉ៃ ដែលលាក់ទុក យកមកកាប់លើយុវជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរតែម្តង ។ លោកនាយប៉ុស្ត៍ បានបន្តថា៖ក្រោយកើតហេតុ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ទើបកម្លាំងសមត្ថកិច្ចប៉ុស្ត៍ ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ចំណែកយុវជនរងគ្រោះ ត្រួវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ប៉ុន្តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបង្អែកខេត្តប៉ៃលិន បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបងផងដែរ ។
បច្ចុប្បន្នជនសង្ស័យ ត្រួវបានឃាត់ខ្លួន នៅប៉ុស្ត៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ចំណែកវត្ថុតាង ត្រួវបានជនសង្ស័យ បោះចោលក្នុងទឹកស្រះ ដើម្បីបំបិទភស្តុតាង ប៉ុន្តែពេលព្រឹកសមត្ថកិច្ចប៉ុស្ត៍និង ចុះស្រាវជ្រាវរក យកមករក្សាទុកជាភស្តុតាងផងដែរ ៕