ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជើងខ្លាំង៤នាក់ដែលតដៃជាមួយនគរបាលខណ្ឌសែនសុខរហូតធ្វើឱ្យប៉ូលិសម្នាក់រងរបួស ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
ប៉ូលិសខណ្ឌសែនសុខ បញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៥ ខែមករានេះថាជើងខ្លាំងទាំង៤នាក់នេះត្រូវបានចោទប្រកាន់ពីបទ”ហិង្សាដោយចេតនា”ប្រព្រឹត្តនៅចំណុចមុផ្សារស៊ុបភឺស្ព័រផ្លូវលេខ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៨ ខែមករាឆ្នាំ២០១៨តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថាមុនពេលកើត កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានដាក់គោលដៅត្រួតពិនិត្យ ជាតិអាល់កុលដោយបានឃើញក្រុមជនសង្ស័យពូរនាក់ជិះម៉ូតូមួយគ្រឿងគ្នានផ្លាកលេខឌុបគ្នាតាមផ្លូវ ក្នុងស្ថានភាពស្រវឹង ហើយកម្លាំងសមត្ថកិច្ចបានហៅជនសង្ស័យឱ្យឈប់ធ្វើការណែនាំ និងត្រួតពិនត្យ។ ស្រាប់តែក្រុមជនសង្ស័យឈ្មោះ ដុំ ចំរើន និងដុំ ម៉ាលី បានទូរស័ព្ទហៅក្រុមបក្ខពួក៤នាក់ទៅ៥នាក់មកដល់គោកលដៅកិច្ចប្រតិបត្តិការរួចបានស្រែកឡូឡានិងបង្កទំនាស់រួចប្រតាយប្រតប់និងប្រើដៃវាយមកលើសមត្ថកិច្ចកំពុងប្រតិបត្តិការបណ្តាលឱ្យរបួស ។
បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕