ភ្នំពេញ ៖ ដូចការរំពឹងទុក វេទិកានិយាយជាសាធារណៈ ( Igmite Phnom Penh) លើកទី៣ របស់ក្រុមយុវជនស្ម័គ្រ ដែលបានផ្តួចផ្តើមគំនិត នាំមកនូវកម្មវិធី និយាយជាសាធារណៈ ដើម្បីជួយពង្រឹងសមត្ថភាព នៃការនិយាយជាសាធារណៈដល់ប្រជាជនខ្មែរគ្រប់រូប និងផ្តល់ឱកាសឱ្យយុវជន បាននិយាយពីគំនិត ដែលចង់ចែករំលែក ពីភាពជោគជ័យ ក្តីស្រលាញ់ និងគោលដៅរបស់ខ្លួន ដែលបានប្រារពធ្វើ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ កាលពីល្ងាចថ្ងៃទី១៤ ខែមករា នេះ ទទួលបានការចូលរួមពី សិស្ស និស្សិត និងយុវជនជាង៧០០នាក់។
លោក ជា សុខហ៊ី ជាអ្នកដឹកនាំក្រុម បានឱ្យដឹងថា វេទិកាលើកទី៣នេះ មានការចូលរួមពីវាគ្មិនវ័យក្មេង ចំនួន១៤រូប មានបទពិសោធន៍ មានចំណេះដឹងខ្ពស់ និងមានគំនិតចង់ចែករំលែក នូវអ្វីដែលពួកគេមាន ដល់យុវជន មកពីសាកលវិទ្យាល័យ វិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ។ ពួកគេមានពេល៥នាទី ដើម្បីធ្វើបទបង្ហាញ ខ្លី ខ្លឹមខ្លាំង ។
យុវជនវ័យក្មេងរូបនេះ បន្តថា តាមរយៈវេទិកានៅថ្ងៃនេះ វាគ្មិននិមួយៗបាននាំមកនូវប្រធានបទជាច្រើន ដែលពាក់ព័ន្ធនឹងជីវិតពិតរបស់ខ្លួន ការជួបប្រទះក្នុងសង្គម វិបត្តផ្លូវចិត្ត ការជម្រុញដល់អ្នកដទៃដើម្បីឱ្យធ្វើកិច្ចការបានល្អជាងមុន ជាពីសេសគារពង្រឹងសមត្ថភាព កុំឱ្យចុះចាញ់នឹងឧបសគ្គផ្សេងៗដែលបានកើតឡើងចំពោះខ្លួនឯង គ្រួសារ និងមជ្ឈដ្ឋានខាងក្រៅ៕