ភ្នំពេញ ៖ ក្មេងប្រុសតូច២នាក់ បានរងរបួសរលាកពេញខ្លួន ខណៈដែលភ្លើងកំពុងឆេះផ្ទះ តែសំណាងល្អត្រូវបានកម្លាំងប្រជាការពារខណ្ឌដូនពេញចុះទៅជួយធ្វើអន្តរគមន៍ភ្លាមៗរំដោះក្មេងតូចនោះអោយរួចផុតពីអណ្តាតភ្លើង ។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ២៧អឺ៤ហ្សិត ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះ ឈ្មោះ ផាន់ សារ៉េត នៅចំណុចផ្ទះលេខ ២៧អឺ៤ហ្សិត ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ មានទំហំ ៤ គុណ ៨ម៉ែត្រ ជញ្ជាំងថ្ម ដំបូលប្រ៉ក់សង្ក័សី។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គីភ័យនេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ទេ ប៉ុន្តែបានបណ្តាលឲ្យក្មេងចំនួន ០២នាក់ រងរបួសធ្ងន់ ត្រូវបាន រថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ។ ហើយមានរថយន្តពន្លត់អគ្គិភ័យសាលាខណ្ឌដូនពេញ៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបាកោះពេជ្រ២គ្រឿងបានបាញ់ពន្លត់អស់ទាំង៥គ្រឿងទើបរលត់ជាស្ថាពរ។
សមត្ថកិច្ចជំនាញ និងអជ្ញាធរប្រើរយៈពេលជាង៤៥នាទីទើបអាចជួយពន្លត់អគ្គិភ័យនេះកុំឱ្យរាលដាលទៅផ្ទះអ្នកជិតខាង។ ទំហំនៃការខូចខាតគឺផ្ទះនោះត្រូវភ្លើងឆេះស្ទើរទាំងស្រុង។ មូលហេតុនៃការបង្កអោយមានអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ បក្សីចាំក្រុង