ក្រចេះ ៖ មន្ដ្រីជំនាញនៃអគ្គនាយដ្ឋានកាំកុងត្រូលផ្នែកមន្ទីរពិសោធន៍ចល័ត-ប្រេងឥន្ធនៈ បានចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈក្នុងក្រុងក្រចេះ សុទ្ធសឹងជាយីហោល្បីៗ ក្នុងនោះប្រតិបត្តិការពេញមួយព្រឹកជំនាញបានរកឃើញកំហុសផ្នែកគុណភាព និងកំហុសបរិមាណលើស្ថានីយ៍ប្រេងចំនួន៦កន្លែង ដែលមិនមានភាពស្មោះត្រង់ជាមួយអតិថិជនរបស់ខ្លួន ដែលអាចចាត់ទុកជាបទល្មើសមួយ។ នេះបើតាមលទ្ធផលនៃការពិនិត្យលើស្ថានីយ៍ប្រេងសរុបចំនួន ៧កន្លែដោយបានធ្វើតេស្តជាមួយឧបករណ៍បច្ចេកទេសទំនើបនិងសុក្រឹត្របំផុត។
សូមជម្រាបថា ការរកឃើញលទ្ធផលមិនប្រក្រតីនៃការលក់ប្រេងមិនគ្រប់លីត្រនេះ បន្ទាប់ពីមន្ត្រីជំនាញបានចុះសហការជាមួយអាជ្ញាធរដែនដីរួមមានលោក វ៉ា ថន អភិបាលរងខេត្តចូលរួមដោយផ្ទាល់ និងមានការសហការជាមួយមន្ទីរជំនាញ សាខាកាំកុងត្រូលខេត្ត នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៨ ក្នុងទីរួមក្រុងក្រចេះ ដោយពិនិត្យទៅលើស្ថានីយ៍ប្រេងឥន្ធនៈ និងក្រុមហ៊ុនប្រេងឯកជន។
មន្ត្រីំនាញមួយរូបបានបញ្ជាក់ថា ទន្ទឹមនឹងការចុះត្រួតពិនិត្យវិភាគយ៉ាងល្អិតល្អន់ដោយឧបករណ៍ទំនើបបែបបច្ចេកវិទ្យាគួរឲ្យទុកចិត្តរួចមក មន្ត្រីជំនាញបានរកឃើញថាក្នុងចំណោមស្ថានីយ៍ប្រេងទាំង ៧ ដែលបានពិនិត្យ គឺមានស្ថានីយ៍ប្រេងមួយកន្លែងប៉ុណ្ណោះដែលបានគោរពច្បាប់ និងអនុវត្តភាពស្មោះត្រង់ជាមួយអតិថិជន ដោយមិនបានកេងចំណេញបរិមាណលីត្រ និងគុណភាពប្រេង ឬបន្លំប្រេងធម្មតា ជាប្រេងស៊ុបពែរនេះទេ ដោយឡែកស្ថានីយ៍ប្រេងមួយកន្លែងបានប្រព្រឹត្តខុស ទាំងបរិមាណមិនគ្រប់លីត្រ និងគុណភាព ចំណែកស្ថានីយ៍ប្រេងចំនួន៥ផ្សេងទៀត បានប្រព្រឹត្តខុសដោយសារលក់ប្រេងមិនគ្រប់លីត្រ ប៉ុណ្ណោះ។
ប្រភពដដែលបន្តថា បញ្ហាទាំងនោះ មន្ត្រីជំនាញបានអប់រំ ធ្វើកិច្ចសន្យាដើម្បីកែលម្អចំណុចខ្វះខាតឲ្យត្រឹមត្រូវឡើងវិញ សំដៅឆ្លើយតប ការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងការប្រកួតប្រជែងដោយភាពស្មោះត្រង់។
គួររំលឹកដែរថា ការត្រួតពិនិត្យដោយមានម៉ាស៊ីនទំនើប ពិនិត្យលើគុណភាពប្រេងសាំង ម៉ាស៊ុត និងសាំងស៊ុបពែ តាមបណ្តាស្ថានីយ៍រកកំហុសបច្ចេកទេស និងបរិមាណលីត្រឲ្យត្រឹមត្រូវ នេះជាលើកដំបូង ដោយអនុវត្តគ្រប់ទីកន្លែង ទូទាំងប្រទេស ហើយមិនជូនដំណឹងដល់ម្ចាស់ស្ថានីយ៍ប្រេងជាមុនឡើយ។
ចំណែកលោក វ៉ា ថន អភិបាលរងខេត្ត ដែលបានអញ្ជើញចូលរួមផ្ទាល់ បានសំណូមពរដល់ម្ចាស់ស្ថានីយ៍ប្រេងទាំងអស់មិនថាក្រុមហ៊ុន ឬបុគ្គល ត្រូវចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងរកស៊ីប្រកាន់ភាពស្មោះត្រង់ ដើម្បីចូលរួមផលប្រយោជន៍សង្គម និងការប្រកួតប្រជែងក្នុងតំបន់ពិភពលោក ព្រោះប្រទេសកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃអង្គការពាណិជ្ជកម្មពិភពលោករួចហើយ៕ ដោយ ៖ ក.លីលី